(ភ្នំពេញ)៖ បើកឆាកបេសកកម្មជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដំបូង លោក វ៉ាង វិនធាន បានបញ្ជាក់ថា ចិននៅតែបង្កើនការវិនិយោគកាន់តែច្រើននៅកម្ពុជា ដើម្បីបង្កើតការងារកាន់តែសម្បូរ បែបសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជួយជំរុញជីវភាពរបស់ពួកគេឱ្យកាន់តែធូរធាផងដែរ ខណៈចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
លោក វ៉ាង វិនធាន ថ្លែងយ៉ាងដូច្នេះក្នុងសន្និសីទព័ត៌មានជាមួយអ្នកព័ត៌មានកម្ពុជា និងអ្នកព័ត៌មានចិនដែលមកបំពេញការងារនៅកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
លោក វ៉ាង បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាមានទម្លាប់ល្អមួយ «គឺយើងតែងតែគាំទ្រគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក»។ ប្រទេសចិន តែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយក៏បានកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ឆ្លើយនឹងសំណួរដែលអ្នកព័ត៌មានបានសួរថា «តើប្រទេសចិនបានបំពេញកិច្ចការអ្វីខ្លះ ដើម្បីជួយកែសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា? ហើយចំណុចសំខាន់នៃជំហានបន្ទាប់គឺអ្វី?» លោកឯកអគ្គរដ្ឋទូតចិនបានឆ្លើយតបវិញថា «យើងនៅតែបង្កើនវិនិយោគទុនកាន់តែច្រើនទៅដល់ប្រទេសកម្ពុជា ដើម្បីបង្កើតការងារកាន់តែច្រើនជូនទៅដល់ប្រទេសកម្ពុជា»។
លោកបន្តថា ឥឡូវប្រទេសចិន បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា មកដល់ឆ្នាំ២០១៨ ក្រុមហ៊ុនចិនបានដាក់វិនិយោគទុននៅកម្ពុជាមានទុនសរុបជាង ២០ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនចិន ៧០ភាគរយ ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើង។ ក្រុមហ៊ុនទាំងនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់។ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២ម៉ឺន ២ពាន់នាក់។
លោក វ៉ាង បន្តទៀតថា ចិនបានពង្រីកការវិនិយោគទុនកាន់តែច្រើនក្នុងវិស័យអគ្គិសនីនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជា។ ឥឡូវក្រុមហ៊ុនចិនបានដំឡើងខ្សែបណ្តាញអគ្គិសនីបានលើសពី ៨ពាន់គីឡូម៉ែត្រហើយ ហើយទំហំនៃការផលិតថាមពលអគ្គិសនីនៅកម្ពុជាគឺ ៨០ភាគរយ ផលិតដោយក្រុមហ៊ុនចិន។ ថាមពលអគ្គិសនីនេះ បានជួយកាត់បន្ថយតម្លៃដើមនៃផលិតកម្មរបស់ក្រុមហ៊ុន និងជួយកាត់បន្ថយតម្លៃប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋកម្ពុជា។
លោក វ៉ាង វិនធាន បានសង្កត់ធ្ងន់ថា «ពេលខ្ញុំអមដំណើរសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់ប្រជាពលរដ្ឋ។ នេះជាការផ្តល់ផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា»។
លោកថា រដ្ឋភិបាល និងប្រជាជនចិនបានពង្រីកជំនួយទៅដល់ប្រទេសកម្ពុជា ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសក្រុមហ៊ុនចិនបានផ្តល់ជំនួយឥតសំណង ក៏ដូចជាប្រាក់ឥណទានសម្បទានមួយចំនួន ដើម្បីកសាងផ្លូវលើសពី ៣ពាន់គីឡូម៉ែត្រ ហើយក៏បានកសាងស្ពានជាច្រើន ហើយគម្រោងធារាសាស្ត្រក៏មានទំហំធំប្រហែល ៤៥.៦ម៉ឺនហិកតា សម្រាប់ផ្តល់ការស្រោចស្រប់ដល់ដំណាំរបស់ប្រជាពលរដ្ឋ។
ឥឡូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានចាប់ផ្តើមកសាងហើយ ហើយមន្ទីរពេទ្យនៅក្នុងខេត្តត្បូងឃ្មុំ នឹងចាប់ផ្តើមកសាងនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយប្រទេសចិនក៏បានធ្វើផ្លូវនៅតាមទីជនបទជាច្រើន ក៏ដូចជាជីកអណ្តូង កសាងសាលារៀនជាដើម។
បើតាមគំនិតរបស់លោក វ៉ាង វិនធាន កម្ពុជា-ចិនត្រូវធ្វើការងារអាទិភាពជាច្រើនទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋដូចជា៖
* ទី១៖ យើងត្រូវធ្វើផែនការឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីជំរុញវិនិយោគទុន ពាណិជ្ជកម្មកាន់តែច្រើនរវាងចិន និងកម្ពុជា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លា និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
* ទី២៖ យើងត្រូវផ្តល់ការអភិវឌ្ឍទៅកាន់ទីជនបទឲ្យកាន់តែច្រើន ជាពិសេសការកសាងហេដ្ឋរចនាសម្ព័ន្ធនៅតាមទីជនបទ ដូចជាការកសាងមន្ទីរពេទ្យ សាលារៀន ដែលជាការផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។
* ទី៣៖ យើងត្រូវដោះស្រាយបញ្ហាជាបន្ទាន់រាល់បញ្ហាប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាជំនួយរបស់ចិន បានជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទ៕