(កំពង់ឆ្នាំង)៖ ដើម្បីធ្វើដំណើរទៅកាន់ប្រាសាទកំពង់ព្រះ យើងត្រូវឆ្លងកាត់ទីរួមខេត្តកំពង់ឆ្នាំង តាមបណ្តោយផ្លូវជាតិលេខ៥ និងចូលតាមផ្លូវលំមានចម្ងាយ៤៤គីឡូម៉ែត្រ ដោយចំណាយពេលប្រមាណ១ម៉ោង៣០នាទី។ គេអាចធ្វើដំណើរតាមផ្លូវទឹកក៏បាន ដោយត្រូវជិះកាណូតពីកំពង់ផែផ្សារក្រោម ក្នុងរយៈពេលជាង២ម៉ោង។
ប្រាសាទកំពង់ព្រះ គឺជាប្រាសាទមួយមានទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ និងមានចម្ងាយសរុប៤៤គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះមាន អាយុកាលចំណាស់ជាងគេក្នុងចំណោមប្រាសាទនានា នៅក្នុងខេត្តកំពង់ឆ្នាំង។
បើយោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ ប្រាសាទកំពង់ព្រះ ត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៨ ក្នុងរាក្សត្រីយ៍ជ័យទេវី។ ប្រាសាទនេះស្ថិតក្នុងរចនាបទកំពង់ព្រះ មុនសម័យអង្គរទៅទៀត។
ប្រាសាទកំពង់ព្រះ កសាងលើដីទួលមួយក្នុងបរិវេណវត្តកំពង់ព្រះ ដែលពីបុរាណកាលមកគេហៅតៗគ្នាមកថា«វត្តទួលព្រះស្រីពិជ័យសូរវង្សកំពង់ព្រះ»។ នៅទីនោះគេឃើញមានប្រាសាទចំនួនពីរឈរទន្ទឹមគ្នា គឺប្រាសាទស្រី និងប្រាសាទប្រុស ដែលទាំងពីរប្រាសាទនេះគេហៅថា «ប្រាសាទកំពង់ព្រះ» ផងដែរ។
នៅខែវស្សាពេលទឹកលិចព័ទ្ធទីទួលនៃប្រាសាទ ហើយបើយើងក្រឡេកមើលពីចម្ងាយ ចំខាងមុខខ្លោងទ្វារចូលនៃប្រាសាទ យើងនឹងឃើញសភាស្ងាត់ជ្រងំ ដែលបញ្ជាក់ថា ប្រាសាទទាំងពីរនេះ មិនសូវមានអ្នកណាទៅដល់និងទទួលការអភិរក្ស ដោយប្រក្រតីឡើយ។ នៅជុំវិញប្រាសាទក៏ដូចជាទីទួលប្រាសាទសម្បូរទៅដោយព្រៃរនាម។
បើយើងចូលតាមខ្លោងទ្វារវត្តទិសខាងជើង ចម្ងាយប្រមាណ៣០ម៉ែត្រ យើងនឹងឃើញទិដ្ឋភាពអណ្តូងប្រេងមួយស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទទាំងពីរ ដែលបច្ចុប្បន្នត្រូវកម្ទេចកម្ទីស្លឹកឈើ ដី បាក់ធ្លាក់ចូល ព្រមទាំងមានសំរាមផ្សេងៗ ដែលប្រជាពលរដ្ឋយកទៅចាក់លុបបង្ការកុំឱ្យមានគ្រោះថ្នាក់ដល់កូនចៅរបស់ពួកគាត់ និងម្យ៉ាងទៀតដោយកត្តាធម្មជាតិ ដីបាក់លុបអណ្តូងជិតទើបយើងមិនអាចមើលឃើញជាក់លាក់បានឡើយ។
នៅក្បែរអណ្តូងយើងឃើញមានទម្រលិង្គមួយ ដែលធ្វើអំពីថ្ម មានគន្លាក់ដំណាប់តាមប្រភេទលិង្គ។ ប្រាសាទនេះបុព្វបុរសខ្មែរយើង ធ្វើឡើងសម្រាប់ឧទិ្ទសចំពោះលិទ្ធិទេវរាជ តាមបែបព្រហ្មញ្ញសាសនា។ ទម្រនិងលិង្គ ត្រូវបានកសាងឡើងទុកជាដង្វាយ និងទុកជានិមិត្តរូបនៃជ័យជម្នះ ក្នុងការធ្វើសឹកសង្គ្រាមនាសម័យសតវត្យទី៧ និងទី៨។
ចេញពីទីតាំងអណ្តូងប្រេងប្រមាណ៣០ម៉ែត្រ យើងនឹងទៅដល់មុខប្រាសាទទាំងពីរ ដែលជាទីចាប់អារម្មណ៍បំផុត។ តួប្រាសាទពីរសាងសង់បែរមុខទៅទិសខាងជើង ឆ្ពោះទៅរកទន្លេសាប ដែលនៅចម្ងាយប្រមាណជាង១គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះស្ថិតនៅបរិវេណគ្រប់គ្រងដោយវត្តកំពង់ព្រះ មានផ្ទៃក្រឡា ១០.០០០ម៉ែត្រការ៉េ ជាកម្មសិទ្ធិសាធារណៈ ដែលបានសាងសង់ឡើងអំពីឥដ្ឋ និងថ្មភក់។
ប្រាសាទស្រីមានទំហំ៦គុណនឹង៥ម៉ែត្រ មានកម្ពស់១០ម៉ែត្រ មានទ្វារបញ្ឆោតចំនួន៣ សម្រាប់ជ្រុង៣ និងទ្វារអាចចូលទៅក្នុងប្រាសាទបានមាន១ បែរទៅទិសខាងជើង។ នៅលើគ្រប់ខ្លោងទ្វារ លើផ្តែរ សសរពេជ្រ ឬសសរទាំង៤ គេមើលឃើញក្បាច់ចម្លាក់ដ៏រស់រវើកទាំងក្បាច់ភ្ញីផ្កា និងក្បាច់ផ្សេងៗបញ្ជាក់បានថា ភាពសម្បូររុងរឿងថ្កុំថ្កើង មានឥទ្ធិពលប្រកបដោយការគោរពបូជា ដល់លទ្ធិព្រហ្មញ្ញសាសនា និងមានជំនឿជឿជាក់លើស្នាដៃរបស់ខ្លួន ដើម្បីឧទិ្ទសចំពោះបុព្វបុរសនាយុគសម័យនោះ។
គេអាចសន្និដ្ឋានបានថា សម័យនោះ អរិយធម៌ទំនៀមទម្លាប់ប្រពៃណី នៃការគោរពបូជាគឺបែបមាតាធិបតេយ្យ អាស្រ័យហេតុនេះ ទើបយើងឃើញប្រាសាទស្រីមានលក្ខណៈធំហើយខ្ពស់ និងមានសោភ័ណភាពជាងប្រាសាទប្រុសដែលនៅក្បែរគ្នានោះ។ ចំណែកប្រាសាទប្រុស ដែលនៅចម្ងាយពីប្រាសាទស្រី ប្រមាណ៣ម៉ែត្រ យើងឃើញមានភាពខុសប្លែកគ្នាជាមួយប្រាសាទស្រី ទាំងទំហំនិងទាំងកម្ពស់ ព្រមជាមួយនឹងក្បាច់រចនាផ្សេងៗ មិនមានលក្ខណៈជាទីចាប់អារម្មណ៍ឡើយ។
ប្រាសាទនេះមានទំហំ៤គុណនឹង៤ម៉ែត្រ និងកម្ពស ជាង៥ម៉ែត្រ ច្រកទ្វារចូលត្រូវបែកបាក់ទ្រុឌទ្រោមជាអនេក។ នៅលើកំពូលប្រាសាទប្រុស គេឃើញមានដំបូល រាងដូចជាសាជី ធ្វើពីឈើប្រក់ហ្រ៊ីប្រូ ជាលក្ខណៈគ្របពីលើបណ្តោះអាសន្ន ដើម្បីការពារទឹកភ្លៀងកុំឱ្យច្រោះខូចខាតតួប្រាសាទ។
ប្រាសាទប្រុស មិនមានចំណាស់ជាងប្រាសាទស្រីឡើយ គឺគេកសាងដំណាលប្រាសាទស្រីដែរ តែប្រាសាទស្រីនៅរឹងមាំជាង ឯការកសាងប្រាសាទនេះមានឥដ្ឋ និងថ្មភក់ដូចប្រាសាទស្រីដែរ។ តាមការពិនិត្យជាក់ស្តែង ចំពោះប្រាសាទទាំងពីរប្រាសាទ ដែលនឹងងាយរងគ្រោះជាងគេ គឺប្រាសាទប្រុស ខណៈពេលនេះកំពុងទ្រុឌទ្រោមយ៉ាងខ្លាំង។
ជាអកុសលកាលពីប៉ុន្មានឆ្នាំមុនកន្លងទៅនេះ នៅជុំវិញប្រាសាទទាំង២ មានក្រុមហ៊ុនទូរស័ព្ទមួយបានជីកដីដើម្បីដំឡើងអង់តែនទូរស័ព្ទ ជាប់នឹងជើងប្រាសាទស្រី ធ្វើឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទទៀតផង។ ពលរដ្ឋ បានស្នើឲ្យសមត្ថកិច្ចជួយពិនិត្យ និងអភិរក្សប្រសាទនេះផងដែរ៕