(ស្វាយរៀង)៖ គួរឱ្យអាសូរណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីដាក់ជណ្តើរឡើងលើបង្គោលខ្សែរភ្លើង ដើម្បីលាបថ្នាំការដ្ឋានសំណង់ ចៃដន្យក៏ឆ្លងចរន្តអគ្គិសនីខ្សែរកាប ដែលមានតង់ស្យុងខ្ពស់ ហើយក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង និងបានបន្តឆក់ដល់បុរស២នាក់ ដែលជាអ្នកឈរទប់ជើងជណ្តើរ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ សំណាងមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងការដ្ឋានសំណង់មួយកន្លែង នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនី ឆក់បណ្តាលឲ្យស្លាប់នោះមានឈ្មោះ ញឹម ឆវ័ន្ត អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករសំណង់ មានទីលំនៅភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ដោយឡែកបុរស២នាក់ផ្សេងទៀត ដែលរងរបួសនៅក្នុងករណីឆក់ចរន្តអគ្គិសនីនេះដែរ មានទី១៖ឈ្មោះ រៀល រដ្ឋា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកម្មករសំណង់ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាងខេត្តព្រៃវែង និងទី២៖ ឈ្មោះ អ៊ុក សំណាង អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបកប្រែភាសាចិន មានទីលំនៅផ្ទះលេខ ៧៤៥E0 សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុ ដែលបណ្តាលឲ្យមានអ្នកស្លាប់ នឹងរងរបួសដូច្នេះ គឺបណ្តាលមកពីដាក់ជណ្តើរឡើងលាបថ្នាំការដ្ឋានសំណង់ បណ្តាលឲ្យប៉ះខ្សែរភ្លើងទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នឹងរងរបួសដូចនេះ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួស បានបញ្ជូនទៅសំរាកព្យាបាលមុខរបួស នៅមន្ទីរសំរាកព្យាបាលពន្លឺបូពា៍ក្រុងបាវិត៕