(បន្ទាយមានជ័យ)៖ បន្ទាប់ពីបញ្ចប់បេសកកម្ម ក្នុងកម្មវិធីកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅខេត្តសៀមរាប, លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧ (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) បានបន្តបេសកម្ម ចុះជួបពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោក សួន បវរ អភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះផងដែរ អង្គប្រជុំបានស្តាប់របាយការណ៍ពីរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលក្នុងនោះរួមមាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរទេសចរណ៍ មន្ទីរធម្មការ និងកិច្ចការសាសនា និងមន្ទីរវប្បធម៌។
បន្ថែមពីនោះទៀត គណៈកម្មការទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី បានស្វែងយល់ពីបញ្ហាប្រឈម និងយន្តការដោះស្រាយ និងបានចែករំលែកធាតុចូលជាច្រើន ដែលចាំបាច់ក្នុងការជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធិភាព។
សូមជម្រាបថា តាមរយៈការផ្តល់ព័ត៌មានពីក្រុមការងារ នៃគណៈកម្មការ បានឲ្យដឹងថា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នឹងចុះបំពេញបេសកកម្មរបស់ខ្លួន ទូទាំង២៥រាជធានី-ខេត្ត ដោយចាប់ផ្តើមពីខេត្តបន្ទាយមានជ័យ រួចបន្តដំណើរទៅខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ហើយនឹងខេត្តផ្សេងៗជាបន្តបន្ទាប់៕