(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា អ្នកដែលប្រើពាក្យថា «របបក្រុងភ្នំពេញ និងរបបលោក ហ៊ុន សែន» គឺមិនគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត រហូតដល់៨៣ភាគរយ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា តាមការយល់ឃើញរបស់សម្ដេច ការប្រើពាក្យនេះពីសំណាក់អ្នកដែលប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យនោះ ក្រៅពីមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរហើយនោះ ក៏ជាការលាបពណ៌ដល់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតយ៉ាងពិតប្រាកដ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មានអ្នកប្រើពាក្យថា របបក្រុងភ្នំពេញ របប ហ៊ុន សែន តាមខ្ញុំយល់ដ៏ស្ដួចស្ដើងរបស់ខ្ញុំទេ ខ្ញុំគិតថាការប្រើពាក្យបែបនេះ ហាក់បីដូចរមៀលទៅរកការកំណត់ថា រដ្ឋាភិបាលនេះគឺមិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់ [...] ចឹងទេការប្រើពាក្យនេះវាធ្ងន់ដែរ ពាក្យថារបបនេះ ហាក់ដូចយើងមិនគោរពឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំនិយាយបែបនេះ ខ្ញុំគ្រាន់តែបកស្រាយតាមការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំប៉ុណ្ណោះ ហើយហ្នឹងបើយើងប្រែថាលាបពណ៌ក៏បានដែរ។ រដ្ឋាភិបាលហ្នឹងជារដ្ឋាភិបាលដែលស្របច្បាប់ យើងលាបពណ៌ថាមិនស្របច្បាប់»។
ការលើកឡើងរបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី២) នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីបណ្តាថា្នក់ដឹកនាំ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាសមាគម សង្គមស៊ីវិលជាច្រើនផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏ស្នើឲ្យអ្នកដែលប្រើពាក្យបែបនេះ ពិចារណាឡើងវិញថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ប្រជាពលរដ្ឋ៨៣ភាគរយ បានទៅបោះឆ្នោត គ្មានអំពើហិង្សា ដោយរលូន មានការទទួលស្គាល់ពីអន្ដរជាតិ ដូច្នេះត្រូវគិតដល់តម្លៃឆន្ទៈប្រជាពលរដ្ឋ៨៣ភាគរយ បើសិនណាប្រជាពលរដ្ឋគាត់មិនឲ្យតម្លៃ ប្រហែលជាពួកគាត់មិនទៅបោះឆ្នោតទេ៕