(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ កុយ ប៊ុនថា អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំដែងនូវសមានទុក្ខជាមួយក្រុមគ្រួសារសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ កុយ ប៊ុនថា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា អតីតរដ្ឋមន្ត្រីក្រសួងការពាជាតិ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា បានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១៖៣៥នាទីព្រឹក នាមន្ទីរពេទ្យកាល់ម៉ែត។
សពរបស់ឧត្តមសេនីយ៍ឯក កុយ ប៊ុនថា ត្រូវបានតម្កល់នៅវត្តចំប៉ា ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ស្អែកនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងផ្តល់ព្រះអគ្គីបូជាសពផងដែរ៕