(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ បានឃាត់ខ្លួនអតីតសកម្មជនក្រុមប្រឆាំងម្នាក់ ឈ្មោះ គង់ ម៉ាស់ ក្រោយប្រមាថរាជរដ្ឋាភិបាល និងញុះញង់ បង្កអសន្ដិសុខ និងបង្កចលាចលដល់សង្គម។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករានេះ។
បើតាមនាយឧត្តមសេនីយ៍ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានដីកាពីតុលាការ។ សកម្មជនក្រុមប្រឆាំងដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ គង់ ម៉ាស់ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ក្រោយឃាត់ខ្លួន ជននេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសាកសួរ។ តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយកន្លងមក តាមប្រព័ន្ធហ្វេសបុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន៕