(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតី ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី២) នៅទីស្ដីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងទទួលយករាល់សំណើរបស់អង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីធ្វើការកែលំអរ ហើយក៏នឹងបើកទូលាយក្នុងកិច្ចពិភាក្សាគ្នា ជាមួយពួកគេដោយគ្មានការរើសអើងផងដែរ។
សម្តេច ស ខេង បានលើកឡើងទៀតថា អង្គការសង្គមសមាគមដែលក្រសួងមហាផ្ទៃ បានចុះក្នុងបញ្ជីនាពេលបច្ចុប្បន្ន គឺមានរហូតដល់ជាង៥,០០០អង្គការ ហើយគ្មានអង្គការ ឬ សមាគមណាមួយ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅក្នុងក្រសួងនោះឡើយ ផ្ទុយទៅវិញមានតែទទួលយកសំណើរបស់ពួកគេយកទៅពិចារណាដើម្បីស្ថាបនារួមតែប៉ុណ្ណោះ។
សូមជម្រាបថា ការរៀបចំឲ្យមានវេទិកានេះឡើង ក្នុងគោលបំណង ដើម្បីឲ្យភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នា ស្វែងរកដំណោះស្រាយ បញ្ហាប្រឈមនានា ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាឲ្យកាន់តែជិតស្និតក្នុងការអភិវឌ្ឍឲ្យសង្គមកម្ពុជា កាន់តែរីកចម្រើនសម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ៕