(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃមក កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទកិច្ចប្រជុំAPPF បានប្រារព្ធធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប នាខេត្តសៀមរាប។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តAPPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តជាគន្លឹះ ដើម្បីស្ថាបនារួមគ្នានូវតំបន់មួយ មានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។ សម្តេចបន្តថា កិច្ចប្រជុំរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹក ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេច បាននូវសេចក្តីសម្រេចសំខាន់ៗ។ សន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ។
កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ដោយបានប្រជុំពិភាក្សាគ្នាលើវិស័យចំនួន៤ គឺ កិច្ចប្រជុំសមាជិកសភាស្ត្រីAPPF វិស័យសហប្រតិបត្តិការតំបន់ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យនយោបាយ និងសន្តិសុខ ដែលសរុបមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ ដែលប្រទេសសមាជិកAPPF លើកឡើង ហើយជាចុងបញ្ចប់កិច្ចប្រជុំAPPF បានធ្វើសំយោគបញ្ចូលមកនៅត្រឹម ១៥ សេចក្តីព្រាងសេចក្តីសម្រេច។ កិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៤ ដោយទុកសេចក្តីព្រាងសេចក្តីសម្រេចមួយបន្តពិភាក្សានៅប្រទេសអាស្រ្តាលី នៅឆ្នាំ២០២០ទៀត។
ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ សម្តេចប្រធាន APPF លើកទី២៧ បានគូសបញ្ជាក់ថា អ្វីដែលជាលទ្ធផលនៃសេចក្ដីសម្រេចនានា ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរយៈពេល បីថ្ងៃមកនេះ បានសំដៅដល់ការដោះស្រាយបញ្ហារួមក្នុងតំបន់ ដែលមានដូចជាការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ជាដើម។ សម្តេចប្រធាន APPF បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សន្តិភាព និងស្ថេរភាព ជាបុរេលក្ខខ័ណ្ឌដ៏ចំាបាច់សម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ បើប្រទេសមួយ កំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ មានសង្រ្គាម ឬអស្ថិរភាពនោះ គ្មានទេការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេសជាតិ។ សម្តេចបានមានប្រសាសន៍បន្តថា «សន្តិភាព និងការអភិវឌ្ឍ» ត្រូវដើរទន្ទឹមគ្នា។ បើប្រទេសមួយមានតែសន្តិភាព ប៉ុន្តែគ្មានការអភិវឌ្ឍរីកចម្រើន ប្រទេសនោះក៏មិនអាចមានសន្តិភាពនៅស្ថិតស្ថេរគង់វង្សយូរអង្វែងបានឡើយ។
«ដូច្នេះយើង ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះវិស័យ នយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសនីមួយៗត្រូវការពឹងផ្អែកសេដ្ឋកិច្ចគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុលភាព។ ក្នុងន័យនេះពាណិជ្ជកម្ម និងវិនិយោគ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង» នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានAPPF លើកទី២៧។ នៅមុនសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រកាសបិទកិច្ចប្រជុំ APPF បានស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF ដែលអានដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា និងជាប្រធានកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF។ ស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចប្រធានAPPF-២៧ និងរបាយការណ៍សង្ខេបនៃកិច្ចប្រជុំគណៈកម្មាធិការសេចក្តីព្រាង។ របាយការណ៍ទំាងពីរខាងលើនេះ អានដោយ ឯកឧត្តម ហ៊ុន ម៉ានី។ បន្ទាប់មកសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលចូលរួមប្រជុំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ ប្រទេសទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨ បន្តពីកម្ពុជា គឺប្រទេសអូស្រ្តាលី ដែលត្រូវទទួលធ្វើម្ចាស់ជាផ្ទះកិច្ចប្រជុំលើកទី២៨ នៅឆ្នាំ២០២០។ ចំណែកសាធារណរដ្ឋកូរ៉េ ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៩ នៅឆ្នាំ២០២១។ នៅក្នុងពិធីបិទកិច្ចប្រជុំលើកទី២៧នេះ សភាកម្ពុជាបានប្រគល់ទង់APPF ដល់ប្រទេសអូស្រ្តាលី ដែលទទួលវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF ផងដែរ។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ជាបណ្តុំសភាធំមួយដែលមានសមាជិក២៧ប្រទេស។ APPFតែងតែរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដោយសភាប្រទេសជាសមាជិកប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះកិច្ចជុំប្រចាំឆ្នាំជាទៀតទាត់ក្នុងការប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋដោះស្រាយបញ្ហារួម ពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពក្នុងគ្រួសារ APPF ក្នុងគោលបំណងកសាងសុខសន្តិភាពនៅក្នុងតំបន់និងពិភពលោកប្រកបដោយចីរភាព៕