(ភ្នំពេញ)៖ រឿងរ៉ាវផ្អើលកាលពីជិត១ឆ្នាំមុន ករណីលោកចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ លោក ម៉ាលី ពិសិដ្ឋ លួចមានស្រី ហើយត្រូវបានភរិយាដើម តាមទាន់ផ្អើលនៅ សាលាសង្កាត់នោះ រហូតមកដល់ពេលនេះ លោកបានសម្រេចបំណង តាមរយៈការលែងលះភរិយាស្របច្បាប់ នៅឯខេត្តកំពង់ឆ្នាំង បានជោគជ័យជាផ្លូវការហើយ។
អ្នកស្រី អ៊ល ពិសី អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់-ក្រុង-ខេត្តកំពង់ឆ្នាំង មានកូនស្រី៣នាក់ បានអះអាងថា តុលាការបានហៅលោកស្រីឲ្យចូលទៅ ដោយបានកាត់ក្តី តែអ្នកស្រីមិនបានចូល ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកស្រីក៏បានដាក់ពាក្យពន្យារ តែត្រូវតុលាការកាត់ក្តីដែលគ្មានអ្នកស្រីចូលរួម គឹកាត់កំបាំងមុខតែម្តង។
អ្នកស្រី អ៊ល ពិសី បានបន្តថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃប្រកាសសាលក្រមតែអ្នកស្រី មិនបានចូលរួមស្តាប់ ហើយក្រដាស់សាលក្រមមកដល់ដៃលោកស្រីនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
ដូច្នេះមានន័យថា លោក ម៉ាលី ពិសិដ្ឋ អាយុ៣៩ឆ្នាំ ចៅសង្កាត់កាកាបទី២ បានដាក់ពាក្យសុំលែងប្រពន្ធ នៅឯខេត្តកំពង់ឆ្នាំងនោះ ដើម្បីយកប្រពន្ធក្រោយ ក្លាយជាប្រពន្ធស្របច្បាប់។ ប្រពន្ធក្រោយ មិនទាន់រៀបការ តែជាអ្នកដែលបន្តផ្គត់ផ្គង់ជីវភាពលោក ម៉ាលី ពិសិដ្ឋ ក៏ដូចជា បានទិញរថយន្តឲ្យលោកម៉ាលី ពិសិដ្ឋ ជិះជាដើម។ នេះបើតាមព័ត៌មានពីអ្នកដែលបានស្គាល់ លោកចៅសង្កាត់ បានបញ្ជាក់យ៉ាងដូច្នេះ។
សូមបញ្ជាក់ថា លោកម៉ាលី ពិសិដ្ឋ និងអ្នកស្រី អ៊ល ពិសី បានយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការនោះទេ ប៉ុន្តែបានចុះសំបុត្រអាពាហ៍ពិពាហ៍ អស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រី អ៊ល ពិសី ជាស្ត្រីមេម៉ាយ ហើយលោកម៉ាលី ពិសិដ្ឋ ក៏ជាបុរសពោះម៉ាយដែរ។ ពួកគេបានរួមរស់ជាមួយគ្នាបានកូនម្នាក់ទៀត។ លោកម៉ាលី ពិសិដ្ឋ ក៏បានបញ្ជាឲ្យអ្នកស្រី អ៊ល ពិសី លុបនាមត្រកូលកូនប្តីមុនរបស់អ្នកស្រី ដោយយកឈ្មោះរបស់ខ្លួនដាក់ជំនួស។ នេះជាការបញ្ជាក់ពីអ្នកស្រី អ៊ល ពិសី។
នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ លោក ម៉ាលី ពិសិដ្ឋ ត្រូវបានក្លាយទៅជាចៅសង្កាត់កាកាប់ទី២ ដោយស្វ័យប្រវត្តិ។ ប៉ុន្តែលោកមិនបានជូនដំណឹង ឬព័ត៌មាននេះឲ្យប្រពន្ធ-កូន ដឹងឡើយ ផ្ទុយទៅវិញលោកបន្តលាក់លៀមរហូត។ លុះដល់ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែអ្នកស្រី អ៊ល ពិសី បានទទួលពាក្យសុំលែងលះពីតុលាការទៅវិញ។
ការព្យាយាមសុំជួបប្តីពីសំណាក់អ្នកស្រី អ៊ល ពិសី មិនបានជោគជ័យនោះទេ ពោលគឺលោកម៉ាលី ពិសិដ្ឋ បានព្យាយាមគេច មិនជួបមុខប្រពន្ធនោះឡើយ។ ការដែលលោកមិនជួបមុខប្រពន្ធ ព្រោះលោកមានស្រីថ្មី ជាអ្នករកស៊ីលក់ដូរនៅជិតសាលាសង្កាត់កាកាបទី២នោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកចៅសង្កាត់កាកាបទី២ បានបញ្ជាក់មកតាមរយៈ Fresh News ថា លោកពិតជាបានលែងលះជាមួយនឹងអតីតភរិយារបស់គាត់ជាផ្លូវការហើយ ដោយធ្វើឡើងទៅតាមផ្លូវច្បាប់របស់តុលាការយ៉ាងត្រឹមត្រូវ និងពុំមានអ្វីខុសពីច្បាប់ដូចការលើកឡើងរបស់អតីតភរិយារបស់លោកនោះទេ ហើយលោកសុំច្រានចោលទាំងស្រុងនូវការលើកឡើងរបស់អតីតភរិយាដែលផ្ទុយពីការពិត៕