(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំដាក់ផែនការ ត្រៀមរៀបចំបដិសណ្ឋារកិច្ចទទួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ កម្មករ-កម្មការិនី និងនិយោជិតប្រមាណ១២,០០០នាក់ នៅរោងចក្រពូចិន ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលពិធីនេះនឹងត្រូវប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះខាងមុខនេះ។
កិច្ចប្រជុំនេះត្រូវបានចូលរួមជា មតិយោបល់ពីសមាជិកគណៈកម្មការ និងអនុគណៈកម្មការ ដែលទទួលភារកិច្ចខុសត្រូវតាម ការកំណត់គោលដៅ និងតំបន់ទទួលខុស ត្រូវនិងត្រៀមរៀបចំកម្លាំង ការពារ និងសន្តិសុខ សម្រួលចរាចរណ៍តាមកំណាត់ ផ្លូវឆ្លងកាត់ រួមនឹងការអញ្ជើញ សមាសភាពអ្នកចូលរួមផងដែរ។
លោក ជាវ តាយ បានបញ្ជាក់ថា ការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងការទទួលខុសត្រូវលើការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនចំពោះថ្នាក់ដឹកនាំគឺជាភារកិច្ច ចាំបាច់របស់រដ្ឋបាលដែនដី នីមួយៗ។
តាមគម្រោងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ខេត្តកំពត នឹងត្រៀមរៀបចំអនុញ្ញាតបញ្ជូនឲ្យកម្មករ-កម្មការិនី និងនិយោជិតប្រមាណ១២,០០០នាក់ ដែលមកពីរោងចក្រនានាចំនួន១២រោងចក្រ ក្នុងខេត្តកំពត និងខេត្តកែប ដើម្បីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ចំពោះដំណើរចុះសួរសុខទុក្ខ សំណេះសំណាលរបស់សម្ដេចតេជោ។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យគណៈកម្មការ-អនុគណៈកម្មការនីមួយៗ តាមបណ្ដាមន្ទីរអង្គភាព អាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈ ទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលបានបែង ចែករៀងៗខ្លួន ដើម្បីឱ្យដំណើរការ នៃការអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ កម្មករ-កម្មការិនី និងនិយោជិតនៅរោងចក្រស្បែកជើងពូចិន ក្នុងស្រុកកំពង់ត្រាចខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ឲ្យទទួលបានរលូន និងជោគជ័យល្អប្រសើរ៕