(ភ្នំពេញ)៖ ឮតែអ្នកដំណើរ និងភ្ញៀវទេសចរជាច្រើន បានរិះគន់ជារឿយៗ ចំពោះបែបបទនៃការបង់ប្រាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ ស្រាប់តែពេលនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក៏ដាច់ចិត្តទ្រាំលែងបាន ហើយលើកដៃសរសេរសាររិះគន់ជាសាធារណៈនៅលើគណនី Facebook របស់ខ្លួន ចំពោះបញ្ហានេះយ៉ាងចាស់ដៃផងដែរ។
នៅក្នុង Facebook លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានសរសេរថា «ភ្ញៀវកាន់តែច្រើន ប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញ កាន់តែប្រឹងធ្វើឱ្យយឺត។ ធម្មតាគេបង់លុយនៅបញ្ជរចេញ តែនេះអ្នកបើកឡាន ត្រូវឈប់ឡាននៅបញ្ជរចេញ ហើយរត់ទៅបង់លុយនៅកន្លែងផ្សេង»។
រដ្ឋមន្ត្រីដែលតែងតែលើកឡើងពីបញ្ហាជាក់ស្ដែងក្នុងសង្គម មកបង្ហាញនៅលើ Facebook រូបនេះ ថែមទាំងបានចំអន់ឲ្យមួយឃ្លាទៀតថា «ដើរមួយពិភពលោក ទើបឃើញក្បាច់នេះមួយ!»។ ប្រយោគនេះ ហាក់ចង់ទទូចឲ្យមន្ត្រីធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ គិតគូរលើការកែសម្រួលបែបបទ នៃការបង់ប្រាក់នេះឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរកុំឲ្យមានភាពស្មុគស្មាញដូចពេលបច្ចុប្បន្ន។
នៅក្នុងប្រអប់មតិយោបល់ (Comment) លើគណនី Facebook របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដដែលក៏មានអ្នកប្រើប្រាស់ Facebook មួយចំនួន លើកឡើងពីបញ្ហានេះជាបន្តបន្ទាប់ផងដែរ។ អ្នកខ្លះបានបង្ហាញមតិរិះគន់ថា «នៅមានមួយទៀតឯកឧត្តម ភ្ញៀវខ្លះជូនសាច់ញាតិមក ត្រូវចូលជួរដាក់ភ្ញៀវសិន ទើបបើករថយន្តចេញក្រៅហើយចូលម្តងទៀតតាមជួរផ្ញើរថយន្ត»។
អ្នកប្រើប្រាស់ Facebook មួយចំនួនទៀតលើកឡើងថា ប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញស្មុគស្មាញណាស់ បើបើកបរមិនដែលចូលវិញ ច្បាស់ជាវង្វេងហើយ ឯកឧត្តម»។
អ្នកខ្លះទៀតថា «ចុះយន្តហោះថ្ងៃមុន ពីសៀមរាបក្មួយប៊ិះមិនទាន់ប្រជុំ។ នៅស្វីសមានដែរ តែមិនរបៀបនេះ តែមិនកកស្ទះចឹងទេ»។
ឯពលរដ្ឋផ្សេងទៀត ក៏បានរិះគន់ដែរថា «ថ្ងៃមុន ទៅទទួលកូនមកពីប្រទេសចិន បើកឡានពីរជុំបានរកកន្លែងចូលចតឃើញ ហើយចូលចតខុសទៀត គឺចូលចំណតចំកន្លែងសម្រាប់អ្នកដំណើរឡើង មានអីនៅឆ្ងាយពីកន្លែងសម្រាប់អ្នកដំណើរចុះ។ ពីមុន ពេលដល់ច្រកចេញ ទើបបង់លុយដូចនៅផ្សារអ៉ីអន តែឥឡូវ គឺមុននឹងបើកឡានចេញពីចំណត ត្រូវទៅបង់លុយនៅកន្លែងស៊កលុយមុនសិន បានបើកឡានចេញពីកន្លែងចត»៕