(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការនឹងត្រូវធ្វើជាតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញប្រកាសចូលតែងតាំងប្រធានមន្ទីរថ្មីនៅខេត្តបាត់បង។
នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា លោក ប៊ុត ម៉ក់ ត្រូវបានតែងតាំងធ្វើជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបាត់ដំបង ជំនួសលោក អៀ វ៉ាន់នី ដែលត្រូវចូលនិវត្តន៍។
សូមបញ្ជាក់ថា លោក ប៊ុត ម៉ក់ ធ្លាប់មានបទពិសោធន៍ និងសមត្ថភាព បំពេញការងារនៅខេត្តសៀមរាប ក្នុងឋានៈជាប្រធានការិយាល័យ អធិការកិច្ច បន្ទាប់មកត្រូវបានតំលើងឋានៈ ជាអនុប្រធាននាយកដ្ឋានរដ្ឋបាល ចំណុះឲ្យអគ្គនាយករដ្ឋបាល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា ការដាក់មន្ត្រី ដើម្បីបន្តដឹកនាំមន្ទីរ នៅខេត្តបាត់ដំបងនាពេលនេះ គឺត្រូវបានយកចិត្តទុកដាក់ និងវាយតំលៃពីថ្នាក់ដឹកនាំក្រសួង ពិសេសពីលោកស្រី កិតិ្តសង្ហបណ្ឌិត ម៉ែន សំអន លើការពិនិត្យលក្ខណៈសម្បត្តិ និងសមត្ថភាពពេញលេញ ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបំរើប្រជាជនដោយស្មោះត្រង់ ទទួលភារកិច្ច ដឹកនាំ គ្រប់គ្រង សម្របសម្រួល លើគ្រប់វិស័យ ស្របតាមបេសកកម្មចំបងរបស់ក្រសួង គឺតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធ របស់ពលរដ្ឋ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕