(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សព្វថ្ងៃនេះមានតែប្រទេសកម្ពុជាមួយ ដែលមានមន្ត្រីកាំកុងត្រូលនៅតាមព្រំដែន ខុសពីប្រទេសគេផ្សេងៗទៀត ហើយបើសិនជា ដកកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន ទុកឲ្យគយជាអ្នកគ្រប់គ្រងវិញ វាអាចជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ដើម្បីយកទៅផ្គត់ផ្គងលើចំណាយផ្សេងៗវិញ។
លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក បានចូលរួមក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
លោកបានបន្ថែមថា រឿងបញ្ហាទាក់ទងនឹងការរកស៊ី ការនាំចេញ នាំចូលនៅតាមព្រំដែន លោកយល់ថា ការដកស្ថាប័នកាំកុងត្រូលនៅតាមព្រំដែន វាមិនមែនមានន័យថា បាត់មុខងារទាំងអស់នោះទេ គឺគេផ្ទេរវាឲ្យគយ ហើយគយអាចមើលទាំងអស់បានដូចគ្នា។
លោកបានបន្ថែមទៀតថា «សព្វថ្ងៃនេះ កម្ពុជាយើង គឺប្លែកពីគេខ្លាំងណាស់ រឿងកាំកុងត្រូលនោះ គឺមានតែប្រទេសយើងមួយទេ នៅច្រកទ្វារព្រំដែន។ បើគ្មានកាំកុងត្រូលទេ គឺវាល្អទៅវិញទេ ហើយជួយឲ្យអ្នករកស៊ី ឈប់ចាយលុយនឹងទៀត យកលុយនោះទុកមកបង់របបសោធន បង់របបសុខភាពរបស់កម្មករវិញ គឺវាល្អ។...ចំពោះរឿងព្រំដែនដែលទុកឲ្យតែមន្ត្រីគយ និងប៉ូលិសអន្តោប្រវេសន៍ គឺត្រឹមត្រូវហើយ ជាការកសាង កែលម្អរ បរិយាកាសវិនិយោគ និងធុរកិច្ច»។
បើតាមការបញ្ជាក់បន្ថែមពីលោក វង្សី វិស្សុត បានឲ្យដឹងថា ពាក់ព័ន្ធការទុកឲ្យស្ថាប័នតែ២ នៅតាមច្រកទ្វារព្រំដែននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំអនុក្រឹត្យ ដើម្បីដាក់ចេញនៅពេលឆាប់ៗខាងមុខនេះ។
ក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។
ពាក់ព័ន្ធនឹងការអនុវត្ដការងារនេះ ក៏មានការគាំទ្រពីសំណាក់អ្នកនាំចេញ នាំចូលដែលកំពុងតែប្រកបរបររកស៊ីនៅកម្ពុជា ថាបានជួយសំរួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយការចំណាយ រួមទាំងពេលវេលាផងដែរ៕