(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង២៣២ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិបាគូ និងដាក់ប្រព័ន្ធលូ រំដោះទឹកជូនប្រជាពលរដ្ឋ នៅក្នុងភូមិបាគូ សង្កាត់ដង្កោ និងភូមិពាម សង្កាត់ព្រៃស ព្រមទាំងសំណេះសំណាលសួរសុខទុកបងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងថា គម្រោងផ្លូវបេតុងដែលនឹងត្រូវស្ថាបនានេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ចំណែកឯប្រព័ន្ធលូដែលបាន និងកំពុងដាក់ នឹងជួយរំដោះទឹកនៅរដូវវស្សា ចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ ភូមិបាគូ សង្កាត់ដង្កោ និងភូមិពាម សង្កាត់ព្រៃស។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន៕