(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្រសួងមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ស សុខា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយអប់រំ ស្តីពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
លោក ស សុខា បានបន្ថែមទៀតថា ហើយការផ្សព្វផ្សាយនេះ ត្រូវមានតួនាទីបីធំៗ រួមមាន៖ ទី១៖ ផ្សព្វផ្សាយ, ទី២៖ អនុវត្ត និងទី៣៖ រឹតបន្តឹង ដើម្បីឲ្យទទួលបានទិន្ន័យមួយច្បាស់លាស់ ពីអ្នកដែលទទួលរងនូវផល ប៉ះពាល់នៃគ្រឿងញៀន នៅតាមគ្រឹះស្ថានសិក្សានានា។
ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានសំណូពរឲ្យចូលរួមទាំងអស់គ្នា ក្នុងការផ្សព្វផ្សាយ ស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីកាត់បន្ថយឲ្យបានទាបបំផុត។
លោក ស សុខា បានបន្ថែមថា អ្នកប្រើប្រាស់គ្រឿងញៀន សុទ្ធសឹងតែជាជនរងគ្រោះ ដែលក្រសួងពាក់ព័ន្ធ អាជ្ញាធរនានា មានតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំ កែតម្រូវឲ្យពួកគាត់យល់ដឹង ពីផលប៉ះពាល់ និងឈប់ប្រើប្រាស់។
លោក ស សុខា បានគូសបញ្ជាក់ថា កន្លងមកអ្នកដែលរងគ្រោះ ដោយសារគ្រឿងញៀន មិនមែនថ្នាក់ដឹកនាំ បោះបង់ពួកគាត់ចោលទេ គឺមានមណ្ឌលកែប្រែមណ្ឌលបន្សាបគ្រឿងញៀនផ្សេងៗ សម្រាប់ឲ្យពួកគាត់កែប្រែខ្លួនឡើងវិញ៕