(ភ្នំពេញ)៖ ដោយមើលឃើញពីភាពខ្វះខាត ក្នុងការជួយព្យាបាលជំងឺកុមារកម្ពុជា ពីសំណាក់មន្ទីរពេទ្យសប្បុរសធម៌ដ៏ធំ នៅក្នុងប្រទេសកម្ពុជា គឺមន្ទីរពេទ្យ «គន្ធបុប្ផា» ដែលបានជួយសង្គ្រោះកុមាររាប់លាននាក់មកហើយនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន ISUZU នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បាននាំយកថវិកាប្រមាណ ១២,៦៥២,២០០រៀល ដែលបានមកពីការប្រគំតន្រ្តី ISUZU D-MAX BLUE POWER ដើម្បីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងន័យជួយគាំទ្រកម្លាំងមនុស្សធម៌ និងបន្តឲ្យមន្ទីរពេទ្យមួយនេះ ជួយសម្រួលនូវសកម្មភាពព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ទៀត។
លោក SHUICHIRO MORI តំណាងក្រុមហ៊ុន ISUZU បានថ្លែងថា ថ្ងៃនេះក្រុមហ៊ុនបាននាំយកថវិកា មកជូនដល់មន្ទីរពេទ្យគន្ធបុប្ផា គឺក្នុងគោលបំណងចង់ចូលរួមសកម្មភាពសង្គម ហើយដើម្បីជាការឆ្លើយតប តាមការអំពាវនាវរបស់មន្ទីរពេទ្យ ដែលកំពុងតែជួបប្រទះការខ្វះខាត។ លោកបន្តថា ទោះបីជាថវិកាមានបរិមាណតិចតួចក្ដី ប៉ុន្តែ ISUZU សង្ឃឹមថានេះអាចចូលរួមចំណែកក្នុងការជួយសង្រ្គោះជីវិតកុមារកម្ពុជា ហើយ ISUZU នឹងនៅតែបន្តសកម្មភាព ជួយដល់សង្គមបែបនេះ ជាបន្តទៀត តាមអ្វីដែលអាចធ្វើបាន។
ដោយឡែកលោក វេជ្ជបណ្ឌិត DENIS LAURENT តំណាងឲ្យមន្ទីរពេទ្យ «គន្ធបុប្ផា» បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ISUZU ដែលបាននាំយកថវិកា មកជូនមន្ទីរពេទ្យ ក្នុងការជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃជាបន្តទៀត។ នេះបានបង្ហាញឲ្យឃើញពីការចេះជួយគ្នា ទៅវិញទៅមកក្នុងសង្គមជាតិ ពេលមានការខ្វះខាត និងជាកិច្ចជួយសង្គមគួរឲ្យកោតសរសើរបំផុតផងដែរ។
បន្ទាប់ពីប្រគល់ថវិការួចរាល់ លោកវេជ្ជបណ្ឌិត បាននាំក្រុមការងាររបស់ក្រុមហ៊ុន ISUZU ធ្វើទស្សនកិច្ចក្នុងមន្ទីពេទ្យ នូវទីតាំងនិងបន្ទប់ព្យាបាលជាក់ស្ដែងមួយចំនួន ដែលកំពុងតែមានអ្នកជំងឺណែនណាន់ ក្នុងមួយថ្ងៃៗ ដើម្បីឃើញច្បាស់ថា មន្ទីរពេទ្យពិតជាបានគិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកជំងឺមិនខ្លាចនឿយហត់អ្វីឡើយ៕