(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៨ និងលើកទិសដៅផនការឆ្នាំ២០១៩ ដែលរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តកំពង់ធំ។
ក្នុងពិធីបើកសិក្ខាសាលានេះដែរ មានការចួលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក អង្គការដៃគូនានា និងសកលវិទ្យាល័យព្រមទាំងសហគមន៍ប្រមាណចំនួន ១០០នាក់។ លោក សោម សុភក្តិ នាយកអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងថា ការងារប្រចាំឆ្នាំដោយអនុវត្តកម្មវិធី គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន កម្មវិធីលើកកម្ពស់ការចិញ្ចឹមជីវិត និងសន្តិសុខស្បៀង កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុ និងកម្មវិធីអភិបាលកិច្ច និងសមភាពយេនឌ័រ។
លោកស្រីបានបន្តថា ការបើកសិក្ខាសលានេះ ក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងលទ្ធផលការងារ ២០១៨ប្រៀបធៀបនឹងផែនការឆ្នាំ២០១៩ និងឆ្លុះបញ្ចាំងពីផែនការយុទ្ធសាស្ត្រ ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ស្ថាប័ន និងយោបល់អនុសាសន៍កែលំអរ ដើម្បីបង្ហាញពីគណនាភាពនៃការប្រតិបត្តិការដោយវិជ្ជាជីវៈទៅដល់គ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោកស្រី លំ គន្ធារី បានធ្វើការថ្លែងអំណរគុណ ដល់អង្គការសកម្មភាព ដើម្បីអភិវឌ្ឍដែលបានធ្វើការអភិវឌ្ឍនៅលើទឹកខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាជរខេត្ត ក៏ដូចជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកស្រីក៏បានជំរុញអាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ថា ត្រូវចូលរួមសហការដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន និងបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ពេលបើកបរ ហើយត្រូវបើកបរដោយមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងធ្វើការផ្សព្វផ្សាយជាប្រចាំអំពីការជួញដូរមនុស្សដោយរំលឹកយ៉ាងសកម្មពីប្រជាពលរដ្ឋដែលមិនឲ្យពួកក្រុមទុច្ចរិតមកធ្វើការបោកប្រាស់បានឡើយ៕