(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំវេទិកាធុរកិច្ចរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នៅសណ្ឋាគាររ៉ាហ្វ៊លឡឺរ៉ូយ៉ាល់ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈវេទិកានេះ លោក ហេង សួរ បានបង្ហាញការជឿជាក់ថា នឹងបង្ហាញភាពពិតជាក់ស្ដែងនៃលក្ខខណ្ឌការងារនៅកម្ពុជា ដែលអាចឱ្យម្ចាស់ម៉ាកសញ្ញា និងអ្នកបញ្ជាទិញអន្តរជាតិ នៅតែជឿទុកចិត្តលើកម្ពុជា។
វេទិកាធុរកិច្ចរបស់គម្រោង BFC នេះ ធ្វើឡើងក្នុងគោលបំណងឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ អ្នកបញ្ជាទិញអន្តរជាតិ និងភាគីពាក់ព័ន្ធ ទទួលបានឱកាសសិក្សាស្វែងយល់អំពី៖ ១. ផលប៉ះពាល់នៃលក្ខខណ្ឌការងារល្អប្រសើរចំពោះអាជីវកម្ម និងកម្មករនិយោជិត, ២. បញ្ហាប្រឈម និងកាលានុវត្តភាពនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជា និងការរៀបចំឱ្យមានជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរនៅកម្ពុជា និង ៣. ឯកសារយុទ្ធសាស្រ្ត ២០១៩-២០២២ របស់គម្រោង BFC ដែលទាំងនេះជាចំណុចនៃកិច្ចពិភាក្សានៅក្នុងថ្ងៃនេះ។
ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោក ហេង សួរ បានឱ្យដឹងថា វេទិកាធុរកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយដែលម្ចាស់ម៉ាក និងអ្នកបញ្ជាទិញទាំងអស់ ដែលទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរពីកម្ពុជា គាត់មកពិនិត្យអ្វីដែលជាវឌ្ឍនភាព និងស្ដង់ដាលក្ខខណ្ឌការងារពិតប្រាកដនៅកម្ពុជា។
លោកបានបន្តថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការ ILO ក៏មានរបាយការណ៍ប្រចាំឆមាស ប្រចាំឆ្នាំ បញ្ជាក់ពីលក្ខខណ្ឌការងារនៅកម្ពុជាផងដែរ។
លោកបានបន្តយ៉ាងដូច្នេះថា «តាមរយៈរបាយការណ៍របស់ BFC បានបង្ហាញថា លក្ខណ្ឌការងារនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរ វាផ្ទុយទៅនឹងសេចក្ដីថ្លែងការណ៍មួយចំនួន ដែលបង្ខូចថាលក្ខខណ្ឌការងាររបស់កម្ពុជា សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា មានការថយចុះ»។
អ្វីជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC)? បើតាមលោក ហេង សួរ បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការ ILO បានបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នេះឡើង នៅឆ្នាំ២០០០ ដើម្បីជួយឃ្លាំមើលលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ដោយកម្ពុជាជាប្រទេសទី១ដែលបានផ្សាភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងពាណិជ្ជកម្មក្រៅប្រទេស។ កម្ពុជាបានប្ដេជ្ញាចិត្តថា នឹងធ្វើឱ្យលក្ខខណ្ឌការងាររបស់កម្មករនិយោជិតនៅតាមរោងចក្រកាន់តែប្រសើរ។
រដ្ឋលេខាធិការក្រសួងការងាររូបនេះ បានបញ្ជាក់ថា កម្ពុជានៅតែគាំទ្រឱ្យមានវត្តមានរបស់ BFC នៅកម្ពុជា និងបន្តអនុវត្តផែនការសកម្មភាពរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង BFC សម្រាប់ឆ្នាំ២០១៩ ព្រមទាំងរៀបចំការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងនេះសម្រាប់អាណត្តិថ្មី៕