(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការនគរបាលខេត្តរតនគិរីស្ដីទី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង មេបញ្ជាការវរសេនាតូច ការពារព្រំដែនគោកលេខ៦២៣ថ្មី ដោយលោកវរសេនីយ៍ទោ បួនសេង សុពិសិដ្ឋ ជំនួសវរសេនីយ៍ឯក ងួន សុវណ្ណា ដាក់ឲ្យចូលនិវត្តន៍។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលបន្ទុកព្រំដែន, លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការរង ទទួលបន្ទុកសន្តិសុខ ព្រមទាំងនាយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីមួយចំនួនទៀត។
មានមតិផ្តាំផ្ញើក្នុងឱកាសខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន បានថ្លែងការកោតសរសើរ ចំពោះលោកវរសេនីយ៍ឯក ងួន សុវណ្ណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ កាលលោកនៅកាន់តំណែងខិតខំបំពេញការងារជូនអង្គភាព និងមានការគោរពស្រលាញ់យ៉ាងខ្លាំង ពីមន្ត្រីនគរបាលក្រោមឱវាទ។
បើតាមលោកឧត្តមសេនីយ៍ស្នងការស្តីទី លោកមេបញ្ជាការចាស់កាន់តំណែងជិត២០ឆ្នាំមកហើយ ក្នុងនោះក៏បានសហការល្អ ជាមួយកម្លាំងលោកលើជំនាញអន្តោប្រវេសន៍ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ក៏បានណែនាំឲ្យលោកវរសេនីយ៍ទោ បួនសេង សុពិសិដ្ឋ ដែលកាន់តំណែងបន្ដត្រូវ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទប់ស្កាត់បទល្មើសឆ្លងដែន ការពារបូរណភាពដឹកដី មានការប្រាស្រ័យទាក់ទងល្អ ជាមួយកម្លាំងផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន៕