(ភ្នំពេញ)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធន៍កម្ម ច្បាប់ចំនួន២។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាន ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទ ដោយសំឡេងចំនួន០៧ នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អវត្តមាន២អង្គ) ថាច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ទាំង២នោះ ស្របនឹងរដ្ឋធម្មនុញ្ញ។
ច្បាប់ស្ដីពីសោធនកម្ម ច្បាប់ចំនួន២ ដែលក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យធម្មនុញ្ញភាពរួចហើយនោះ រួមមាន៖
ទី១៖ ច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក/ខណ្ឌ។
ទី២៖ ច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕