(ភ្នំពេញ)៖ ទូរហ្គេមសម្រាប់លេងភ្នាល់តាម Online ចំនួន១២គ្រឿង ដែលលួចបើកលេងដោយគ្មានច្បាប់ទម្លាប់ទាំងយប់ទាំងថ្ងៃ របស់ជនជាតិចិន ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
ប្រតិបត្តិការក្នុងការតាមស៉ើបអង្កេត ឈានដល់ការបង្ក្រាបប្រភេទល្បែងស៉ីសងតាម Online ខាងលើនេះ ក៏មានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ, ចៅសង្កាត់រងទួលសង្កែ១ លោក ឃុយ សារុន, លោក នង សាប៊ុង នាយនគរបាលប៉ុស្ដិ៍ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញចំគោលដៅពីលោក ជា ពិសី អភិបាលខណ្ឌ បន្ទាប់ពីលោកទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបើកការតាមដានស៉ើបអង្កេត រកឲ្យឃើញជាក់ស្ដែងនៃបទល្មើស ទើបឈានដល់ការបង្ក្រាបដកហូតទូរហ្គេមចំនួន១២គ្រឿង យកមករក្សាទុកតែម្ដង។
បន្ថែមពីនេះ លោក ជា ពិសី ក៏បានបញ្ជាក់ថា ក្រៅពីការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន១៧នាក់ ដកហូតវត្ថុតាងមួយចំនួន កាលពីព្រឹកម្សិលមិញ របស់អធិការដ្ឋាននគរបាលខណ្ឌ និងព្រឹកនេះបង្ក្រាបល្បែងស៉ីសងផងនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នៅតែបន្តក្នុងការស្រាវជ្រាវបង្ក្រាបឲ្យកាន់តែក្លាំងក្លា ដើម្បីរក្សាសន្តិសុខ និងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព បើទោះជាទទួលបាន ឬមិនអាចទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដោយ៕