(ស្ទឹងត្រែង)៖ ជនសង្ស័យម្នាក់បានលួចម៉ូតូគេ ត្រូវកម្លាំងសមត្ថកិច្ចស្រុកសៀមប៉ាង បានចាប់ខ្លួន បញ្ជូនទៅអធិការដ្ឋានដើម្បី កសាងនីតិវិធីបញ្ជូនទៅស្នងការដ្ឋានចាត់ការបន្ត បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ដន ឡាយ កាលថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៩ នៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយចតទុកក្រោមផ្ទះហើយមិនបានដកសោរទុក។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រុកសៀមប៉ាង បានចុះស្រាវជ្រាវ និងទទួលព័ត៌មានថា ជនសង្ស័យបានលួចយកជិះចូលទៅលាក់ខ្លួន នៅទឹកដីប្រទេសឡាវ កម្លាំងជំនាញបានឱ្យមិត្តភក្តិជនសង្ស័យ ល្បួងបបួលជននោះឲ្យឆ្លងមកទឹកដីខ្មែរវិញ ដើម្បីនាំគ្នាដើលេង ពេលនោះកម្លាំង បានសហការជាមួយកម្លាំងប៉ុស្តិ៍វរៈព្រំដែន៧០១ ឃាត់ខ្លួនជនសង្ស័យឈ្មោះ មី វិល័យ ហៅស៊ឹងតេ អាយុ២១ឆ្នាំ ជនជាតិខ្មែរ រួមវត្ថុតាងម៉ូតូ១គ្រឿង បញ្ជូនមកអធិការដ្ឋានដើម្បីកសាងនីតិវិធី បញ្ជូនទៅស្នងការដ្ឋានចាត់ការបន្ត។
សមត្ថកិច្ចដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូបានវិញហើយ កម្លាំងជំនាញបានប្រគល់ម៉ូតូ ដែលជាវត្ថុតាង ជូនម្ចាស់ដើមវិញផងដែរ ដែលមានឈ្មោះថា ដន ឡាយ អាយុ២៨ឆ្នាំ ហើយក៏បានផ្តាំផ្ញើរសូមពុកម៉ែបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ កុំធ្វេសប្រហេស ចតម៉ូតូ ឡានទាំងមិនដកយកសោរទុកឱ្យសោះ៕