(ព្រៃវែង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ក្បែរភ្នំឈើកាច់ បាននាំគ្នាស្នើរដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ខណៈដែលក្រុមហ៊ុនចិនមួយ បានធ្វើអាជីវកម្ម កាយបំផ្ទុះយកថ្ម ខ្សាច់ពីភ្នំឈើកាច់ ស្រុបាភ្នំ ខេត្តព្រៃវែងជាច្រើនឆ្នាំហើយ សង្ស័យមិនមានអាជ្ញាបណ្ណ និងច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ដោយបានបង្កជាការហុយធូលីដី និងកំទិចថ្ម ទៅលើផ្ទះសម្បែងរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង ហើយបញ្ហាដែលព្រួយបារម្ភខ្លាំងទៀតនោះ គឺក្រុមហ៊ុនចិនបានរក្សាទុករំសេវគ្រឿងផ្ទុះ ដោយមិនមានការ ប្រុងប្រយ័ត្ននោះទេ។
ប្រជាពលរដ្ឋ បានលើកឡើងថា រាល់ថ្ងៃនេះទីតាំងក្រុមហ៊ុនចិន បានកិនថ្មភ្នំច្រើនណាស់ ទាំងព្រឹក ទាំងល្ងាច ហើយធូលីដី និងកំទិចថ្ម បានហុយទៅលើផ្ទះសម្បែងរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ការ រស់នៅរបស់ពួកគាត់ជាខ្លាំង។ លើសពីនេះទៅទៀត ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ពេលដែលក្រុមហ៊ុននេះ បានប្រើគីបរំសេវ រាប់តោន យកមកបំផ្ទុះយកថ្ម និងបានទុកដាក់ប្រហែសបំផុត យកមកស្តុបទុកក្នុងទីតាំងក្រុមហ៊ុនចិននោះ ហើយបើសិនជាផ្ទុះឆេះឡើង ផ្ទះសម្បែងរបស់ពួកគាត់ រាប់សិបខ្នងនៅជិតៗនោះ ច្បាស់ជាឆេះគ្មានសល់ទេ ដូច្នេះហើយទើបពួកគាត់ ស្នើសុំឲ្យអាជ្ញាធរពិសេសមន្រ្តីជំនាញជួយត្រួតពិនិត្យរឿងនេះផង។
អ្នករកស៊ីមានអាជ្ញាបណ្ណខ្សាច់នៅតំបន់នោះ រួមទាំងពលរដ្ឋ ក៏សុំទទូចដល់ក្រសួងរ៉ែ និងថាមពល ចុះមកពិនិត្យ និងឲ្យអនុវត្តតាមផ្លូវច្បាប់បានត្រឹមត្រូវផង ព្រោះថារាល់ការវិនិយោគត្រូវមានច្បាប់ មានអាជ្ញាបណ្ណ ហើយគ្រប់គ្រងគីបរំសេវគ្រឿងផ្ទុះឲ្យបានត្រឹមត្រូវ។ ប្រសិនបើផ្ទុះឆេះដល់ផ្ទះប្រជាពលរដ្ឋ តើនរណាជាអ្នកទទួលខុសត្រូវ?
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ច និងអាជ្ញាធរស្រុកបាភ្នំ បានឱ្យដឹងថា នៅលើភ្នំឈើកាច់ មានក្រុមហ៊ុនចិនមួយ បានធ្វើសកម្មភាពបំផ្ទុះគ្រាប់ ជីកកកាយ យកថ្មភ្នំ ខ្សាច់ភ្នំ កិនលក់ រាប់ឆ្នាំមកហើយ ដោយពុំមានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពលនោះទេ ហើយបច្ចុប្បន្ននេះ កំពុងតែបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែជើងភ្នំនេះថែមទៀតផង ហើយពេលសួរនាំ ថាបានជ្រកក្រោមស្លាកក្រុមហ៊ុនខ្មែរទៅវិញ។
ជុំវិញករណីខាងលើនេះ លោក ផន់ ទ្រី អនុប្រធានមន្ទីររ៉ែ និងថាមពល បានថ្លែងថា ក្រុមហ៊ុនចិននោះពិតជាបានធ្វើអាជីវកម្ម អត់ច្បាប់ច្រើនឆ្នាំមកហើយមែន ប៉ុន្តែគេបានបង់សួយសារអាករ ចូលរដ្ឋត្រឹមត្រូវ តាមរយៈក្រុមហ៊ុនខ្មែររបស់លោក ឡុង ណាំ ដូច្នេះហើយទើបមន្ទីរជំនាញជួយសម្រួលដោយការយោគយល់ទៅ។ ដោយឡែករឿងក្រុមហ៊ុនចិន ទិញនឹងស្តុបទុកគីបរំសេវច្រើននោះ លោកអះអាងថា មន្ទីររ៉ែ និងថាមពល គ្មានសិទ្ធិហាមឃាត់ ឬគ្រប់គ្រងទេ វាគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។
ចំណែកលោក ឡុង ណាំ ម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម នៅលើភ្នំឈើកាច់ និងជាអ្នកផ្តល់ទីតាំងឱ្យក្រុមហ៊ុនចិនខាងលើ បានបញ្ជាក់ថា ក្រុមហ៊ុនចិននោះ លោកជាអ្នកហៅឱ្យមកធ្វើអាជីវកម្មនៅលើភ្នំនេះ ដោយដាក់ភាគហ៊ុនរួមគ្នា ហើយជ្រកក្រោមអាជ្ញាបណ្ណរបស់លោក ហើយក្រុមហ៊ុនចិននោះគ្មានអាជ្ញាបណ្ណទេ៕