(កំពង់ធំ)៖ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង និងតបតាមការបិណ្ឌបាតសម្រាប់តម្រូវការប្រចាំថ្ងៃ របស់ព្រះតេជគុណព្រះគ្រូចៅអធិការវត្តបុទុមរ័ត្ន ហៅវត្តក្រចាប់ ក្នុងការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃជាសាមណេរ ដែលកំពុងសិក្សារៀនសូត្រធម៌វិន័យ ព្រះត្រៃបិដកបាលី ចំនួន៤៦អង្គ នៅក្នុងវត្តហើយមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃនោះ, ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអ្នកម្តាយ ហ៊ុល រ៉េន ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអង្ករ ៣០០គីឡូក្រាម, មីយើង ២០កេស ដែលជាអំណោយសប្បុរសជន រួមនឹងថវិកាចំនួន ៥០០,០០០រៀល ជាសុទ្ធាជ្រះថ្លារបស់នាយទាហាន ជាថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកទៅប្រគេនជូនដល់ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្ត សម្រាប់ដោះស្រាយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃប្រចាំថ្ងៃផងដែរ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ផងដែរថា កាលពីជំនាន់របបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ គឺគ្រប់វត្តអារាម សាលារៀន គឺត្រូវបានយកធ្វើជាឃ្លាំងគ្រាប ឃ្លាំងស្បៀងអាហារ លុបបំបាត់រាល់ជំនឿសាសនា បញ្ញាវ័ន្ដ ដែលជាអ្នកចេះដឹងទាំងអស់នៅទូទាំងព្រះរាណាចក្រកម្ពុជា ។
លោកបានបន្ថែមថា ដោយមានភ័ព្វវាសនា បានគុណថ្ងៃ ៧មករា ឆ្នាំ១៩៧៩ និងយុទ្ធសាស្ត្រនយោបាយ ឈ្នះ! ឈ្នះ! ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយកិត្តិបណ្ឌិត ដែលនាំមកបានសន្តិភាព នឹងការអភិវឌ្ឍយ៉ាងច្រើនលើគ្រប់វិស័យ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀត ក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យកាន់តែមានការរីកចម្រើនបន្តថែមទៀតផងដែរ៕