(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឲ្យអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ។
ការប្រកាសដាក់ឲ្យអនុវត្តនេះ អ្នកស្នើសុំត្រូវប្រើប្រាស់ប្រព័ន្ធនេះ ដោយអនុវត្តតាមនីតិវិធីលម្អិត ដូចមានចែងក្នុងសេចក្តីណែនាំលេខ ០០១ សហវ (មានភ្ជាប់ជាមួយ) ស្តីពីការដាក់ឲ្យអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយដ្ឋានពន្ធដារ (Online-VAT Refund and Online-VAT Credit)។
អគ្គនាយកពន្ធដារបញ្ជាក់ទៀតថា «លោក លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាសទាំងអស់ ក៏ដូចជាបេសកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រត្តិបត្តិការបច្ចេកទេសរបស់ប្រទេសនានា អាចធ្វើការស្វែងយល់បន្ថែមដោយពិនិត្យមើល ក្នុងសៀវភៅណែនាំស្តីពីការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ (Online-VAT Refund and Online-VAT Credit) ដែលមានលើគេហទំព័រ https://tax.gov.kh ឬអាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat APP តាមទូរស័ព្ទដៃ»។
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដាក់ឲ្យអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ គឺជាផលិតផលថ្មីមួយទៀត ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធទាំងអស់ ដែលកន្លងមកតែងតែមានការលើកឡើងថា ការបង្វិលសងមានរយៈពេលយូរ។ ប៉ុន្តែឥឡូវនេះ បើសិនជាអ្នកជាប់ពន្ធបង្វិលសងតាមប្រព័ន្ធនេះ គឺមានរយៈពេលឆាប់ ហើយមានតម្លាភាពជាងមុន ដែលអ្នកជាប់ពន្ធរំពឹងទុកថា ការផ្តល់សេវាមានការវិវត្តន៍ថែមទៀត៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖