(សៀមរាប)៖ អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រួមជាមួយដៃគូអន្តរជាតិ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារជួសជុលព្រះពុទ្ធរូបពីរអង្គ ស្ថិតនៅប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ខេត្តសៀមរាប ក្នុងនោះសមាសធាតុផ្សំមួយចំនួន នៃព្រះពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានអ្នកជំនាញយកទៅពិសោធន៍ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីដឹងពីប្រភព និងអាយុកាល ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្កា បានឱ្យដឹងថា បច្ចុប្បន្នក្រុមអ្នកជំនាញបានសម្រង់ស្ថានភាពខូចខាត រកបំណែកព្រះពុទ្ធរូប ទាំងពីរអង្គដែលបាត់បង់ សម្អាត និងផ្គុំបំណែកដែលរកឃើញនោះទៅនឹងដងខ្លួនពុទ្ធរូបរួចរាល់អស់ហើយ។
ចំពោះការងារដែលត្រូវធ្វើបន្ត គឺការសិក្សាលើសមាសធាតុបន្សំនៃសម្ភារៈនីមួយៗ ដែលខ្មែរបុរាណយកមកធ្វើពុទ្ធរូប ក្នុងនោះមានដូចជា៖
* ថ្មភក់៖ ពុទ្ធរូបទាំងពីរអង្គ ធ្វើឡើងដោយការផ្គុំថ្មភក់ច្រើនដុំប្រភេទផ្សេងៗគ្នា ដែលខ្លះសន្និដ្ឋានថាយកពីប្រាសាទនៅក្នុងតំបន់ ឯខ្លះទៀតមិនដឹងប្រភពទេ។
* ខ្មុកម្រ័ក្សណ៍៖ ខ្មែរបុរាណយកមកប៉ាតលាបលើរូបបដិមា។
* ពហុវណ្ណភាព (ពណ៌ចម្រុះ)៖ មានទឹកពណ៌មាស និងក្រហមជាដើម ដែលមិនទាន់ដឹងថាខ្មែរបុរាណយកមកពីប្រទេសចិន ប្រទេសជិតខាង ឬផលិតខ្លួនឯង។
* កំបោរបាយអរម្រ័ក្សណ៍៖ ពាសបាយអរដើម្បីភ្ជិតកន្លែងប្រហោង ហើយលាបម្រ័ក្សណ៍ពីលើរូប។
* ដែក៖ មានមូល ស្រួច ទាល ជ្រុង ដែលបុរាណយកធ្វើជន្លួញ ធ្វើក្រចាប់ដើម្បីតដុំថ្មមួយទៅមួយទៀតក្នុងការធ្វើរូបបដិមា ហើយមានគុណភាពល្អប្រើបានយូរ។
* ឈើ៖ ធ្វើជាស្នៀត ពន្លួញឈើដើម្បីតថ្ម។
* គ្រឿងលម្អ៖ នៅលើស្បង់ចីវរ ខ្សែក្រវាត់មានលម្អដោយសំបកសិប្បីសត្វយ៉ាងស្រស់ស្អាត។
លោកថា «ចំពោះសំណាកខ្មុកម្រ័ក្សណ៍ និងគ្រឿងលម្អ ក្រុមការងារបានយកទៅពិសោធនៅប្រទេសកូរ៉េ ដើម្បីដឹងពីប្រភព និងអាយុកាល ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល»។
លោក លី វណ្ណា បានបន្តទៀតថា ដោយសារសម្ភារៈដែលយកមកប្រើមានភាពចម្រុះ តម្រូវឱ្យអ្នកជំនាញផ្នែកនីមួយៗត្រូវស្វែងយល់របៀបនៃការប្រើប្រាស់ និងប្រភពនៃវត្ថុធាតុដើម ដូច្នេះលោកក៏បានទាមទារឱ្យក្រុមការងារសម្រង់ព័ត៌មានខូចខាតឱ្យអស់ ពិនិត្យមើលស្លាកស្នាមជាលក្ខណៈពិសេសនៃបច្ចេកទេសបុរាណលើរូបព្រះពុទ្ធ។ កំណត់កូដពណ៌ឱ្យបានច្បាស់លាស់ទៅលើភាពខូចខាតនៃសំណង់ ហើយសម្ភារៈពីបុរាណដែលអាចប្រើការបាន ត្រូវយកមកប្រើឡើងវិញ ដោយមានការពិនិត្យយ៉ាងហ្មត់ចត់ពីវិស្វករទៅលើភាពធន់ និងភាពមាំនៃការទ្រទម្ងន់បដិមា។
លើសពីនោះ ត្រូវមានអ្នកជំនាញ 3D Scaning ដើម្បីមានភាពងាយស្រួល និងដឹងច្បាស់អំពីបច្ចេកទេសកាន់តែលម្អិត ក្នុងការបំពេញបន្ថែមរូបដែលបាត់បង់ឱ្យត្រូវនឹងរូបពិត។ ក្នុងនោះដែរ ដើម្បីបន្ថែម និងពង្រឹងសមត្ថភាព នាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះបណ្តាលបុគ្គលិកជំនាញ ទាក់ទងនឹងការពង្រាងរូបផងដែរ ដើម្បីធ្វើឱ្យការអភិរក្ស និងជួសជុលកាន់តែល្អប្រសើរ។
សូមបញ្ជាក់ដែរថា ពុទ្ធបដិមាទាំងពីរអង្គនៅប្រាង្គកណ្តាលប្រាសាទប្រែរូប គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ក្នុងរចនាប័ទ្មបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អដោយខ្មុក និងម្រ័ក្សណ៍ មានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត។
បើតាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អ និងរចនាប័ទ្មបង្ហាញថា ព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (សតវត្សទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ថ្វីដ្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា «លោកតាសៅ»៕