(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្ឌិត Matthew Morell នាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) និងដោយទទួលបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញផ្នែកដំណាំស្រូវ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៣ថ្ងៃ នៅប្រទេសហ្វីលីពីន។

យោងតាមកម្មវិធី ដែលបានគ្រោងទុក លោករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម ជាមួយភាគីក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានធ្វើនាឆ្នាំ២០១៥កន្លងមក។

ទន្ទឹមនឹងនេះ ក៏មានការជួបពិភាក្សាការងារ ជាមួយនាយកវិទ្យាស្ថាន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រពី IRRI ដើម្បីរួមគ្នាវាយតម្លៃវឌ្ឍនភាព នៃគម្រោង IRRI និងគម្រោងពាក់ព័ន្ធ ដែលបាននិងកំពុងអនុវត្តន៍នៅកម្ពុជា ព្រមទាំងធ្វើការផ្លាស់ប្តូរបទពិសោធន៍ អំពីយន្តការនៃផលិតកម្មពូជ ការបង្កាត់ពូជ ទីផ្សារ តម្លៃបន្ថែមលើផលិតកម្មស្រូវ និងការបំពេញ នៃខ្សែចង្វាក់ផលិតកម្មកសិកម្ម តាមអភិក្រម នៃការធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតកម្មដំណាំស្រូវ ឈានទៅរកភាពជោគជ័យ និងកាលានុវត្តភាព។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី និងលោកនាយកវិទ្យាស្ថាន IRRI នឹងចុះហត្ថលេខាដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវយុទ្ធសាស្ត្រជាតិស្តីពី គ្រាប់ពូជរបស់់កម្ពុជាផងដែរ៕