(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ដឹកនាំដោយលោកស្រី Katrin Westling Palm អគ្គនាយកនៃទីភ្នាក់ងារពន្ធដារ ស៊ុយអែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជា ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៩ ។
ក្នុងជំនួបនេះ ក៏មានវត្តមានចូលរួមរបស់ លោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអ៊ែត ប្រចាំនៅកម្ពុជាផងដែរ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី Katrin Westling Palm និងសហការី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកពន្ធដារ រវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែត។
លោកស្រី Katrin Westling Palm បានជម្រាបជូនអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី គឺដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងទីភ្នាក់ងារពន្ធដារស៊ុយអែត, ការផ្លាស់ប្តូរនូវចំណេះដឹងនិងបទពិសោធន៍លើវិស័យ ពន្ធដារ, និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
បច្ចុប្បន្ននេះ, ទីភ្នាក់ងារពន្ធដារស៊ុយអែតបាន និងកំពុងផ្តល់ជំនួយបច្ចេកទេសទាក់ទិននឹង៖
១៖ ហានិភ័យក្នុងវិស័យនៃការទូទាត់សាច់ប្រាក់ (Compliance Risk Management/Cash Sector),
២៖ សិក្សាអំពីសមិទ្ធិលទ្ធភាព (Feasibility Study) នៃការប្រមូលពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax-PIT) និង
៣៖ ជួយពង្រឹងផ្នែកសេវាអ្នកជាប់ពន្ធ (Taxpayer Services)។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី និងលោកស្រី Katrin Westling Palm ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើផ្នែកអាទិភាព សម្រាប់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ដំណាក់ការទី២ រវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែត។
ជាមួយនឹងបទពិសោធន៍ល្អរបស់ប្រទេសស៊ុយអែត ដែលកម្រិត អនុលោមភាពពន្ធខ្ពស់, លោកឧបនាយករដ្ឋមន្រ្តី ក៏ស្នើឲ្យអាជ្ញាធរពន្ធដារស៊ុយអែត ជួយដល់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ពង្រឹងបន្ថែមទៀត ចំពោះកែទម្រង់គោលនយោបាយពន្ធដារ និងរដ្ឋបាលពន្ធដារកម្ពុជា តាមរយៈការជួយរៀបចំ និងបង្ករលក្ខណៈក្នុងការផ្តល់សេវាបង់ពន្ធឲ្យកាន់តែល្អប្រសើរជូនដល់អ្នកបង់ពន្ធ ដែលជួយជំរុញឲ្យមានការគោរព កាតព្វកិច្ចពន្ធ និងបង់ពន្ធខ្ពស់ ការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព ក៏ដូចជា ជួយរៀបចំរចនាសម្ព័ន្ធដែលពិបាកក្នុង ការគេចពន្ធ តាមរយៈបាវចនា «បង្កើតបរិយាកាសល្អជូនអ្នកជាប់ពន្ធ ដើម្បីងាយស្រួលក្នុងការបង់ពន្ធ ប៉ុន្តែលំបាកក្នុងការគេចពន្ធ» ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោកស្រី Katrin Westling Palm ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពី សុភវិនិច្ឆ័យចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន និង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូជាន់ ខ្ពស់ពន្ធដារស៊ុយអែត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចនៅកម្ពុជា និងសូមជូនពរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទទួលបានជោគជ័យ៕