(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ ព្យាបាលជំងឺ ដោយមិនគិតថ្លៃ នៅបរិវេណមណ្ឌលសុខភាពគគីរ ដែលទើបតែកសាងថ្មី នៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។
លោក កែរ រដ្ឋា បានបញ្ជាក់ឲ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យចំនួន៣៥នាក់ ពិនិត្យព្យាបាលជំងឺបានចំនួន៣៩៥នាក់ ស្រី២៨៥នាក់។ ជំងឺភាគច្រើនមាន ក្រពះ ពោះវៀន លើសឈាម បេះដូង រលាកសួត រមាស់សើស្បែក ជំងឺភ្នែក... ។ល។
លោកបន្តថា ចំពោះឱសថមួយចំនួនបានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀតទទួលបានពីការឧបត្ថម្ភរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះជាលើកទី៦ហើយ ដែលក្រុមគ្រូពេទ្យស្មគ្រចិត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែកនេះ។
សូមជម្រាបជូនថា មណ្ឌលសុខភាពគគីរ ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង តំបន់រងគ្រោះដោយសារគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកនេះ គ្រោងនឹងសម្ពោធឱ្យដំណើរការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕