(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងអាស៊ានបូក នៅទីក្រុងហាឡុង ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) លើកទី៣៨ ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ “ASEAN: The Power of One”។
វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩នេះ នឹងចាប់ផ្តើមដំណើរការនៅយប់ថ្ងៃស្អែកនេះ បន្ទាប់ពីកិច្ចប្រជុំយ៉ាងមមាញឹករបស់ស្ថាប័នជាតិទេសចរណ៍ (NT0s) នៃប្រទេសជាសមាជិកអាស៊ាន អាស៊ានបូក និងសមាគមឧស្សាហកម្មទេសចរណ៍អាស៊ាន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមករាមក។
សូមជម្រាបថា ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF) នៅឆ្នាំ២០២១ បន្ទាប់ពី ATF2020 នៅប្រទេសប្រ៊ុយណេដារុយសាឡឹម និងបន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ ATF លើកទី៣០ កាលពី១០ឆ្នាំមុន នៅរាជធានីភ្នំពេញ។
វេទិកាទេសចរណ៍អាស៊ាន (ATF) ជាព្រឹត្តិការទេសចរណ៍អាស៊ានមួយដ៏ធំដែលត្រូវរៀបចំវិលជុំ១០ឆ្នាំម្តង ដែលក្នុង មានការប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX (ATF) ការផ្ដល់រង្វាន់ដល់ផ្នែកឯកជន និង សហគមន៍ទេសចរណ៍ នៃបណ្តាប្រទេសសមាជិកដែលបានអនុវត្តគំរូតាមស្តងដានានាអាស៊ាន៕