(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធស៊ុយអែត (Swedish Tax Agency - STA) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំកម្រិតអគ្គនាយក ក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដោយមានវត្តមានរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី Katrin Westling Palm អគ្គនាយក នៃរដ្ឋបាលសារពើពន្ធស៊ុយអែត ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋបាលសារពើពន្ធស៊ុយអែត ចាប់ពីថ្ងៃទី១៤-១៨ ខែមករា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះមានវត្តមានចូលរួម របស់លោក-លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល ព្រមទាំងមន្ត្រីពន្ធដារយ៉ាងច្រើនកុះករ ដោយឡែកគណៈប្រតិភូអមដំណើររបស់រដ្ឋបាលសារពើពន្ធស៊ុយអែត (Swedish Tax Agency - STA) មានវត្តមាន លោកស្រី Anett–Land–n ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនិងទំនាក់ ទំនងអន្តរជាតិ លោកស្រី Ann Melin អ្នកគ្រប់គ្រងគម្រោង ព្រមទាំងលោកស្រី Suzan Uhl–n មន្រ្តីជំនាញការរបស់ STA ប្រចាំនៅអគ្គនាយកដ្ឋានពន្ធដារ។
កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទីមួយកម្រិតអគ្គនាយកនៃស្ថាប័នពន្ធដាររបស់ប្រទេសទាំងពីរ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការអនុវត្តគម្រោងជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស៊ុយអែត។
លោក គង់ វិបុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកស្រី Katrin Westling Palm និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលសារពើពន្ធ នៃប្រទេសស៊ុយអែត ក្នុងការគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសតាមរយៈគម្រោងជំនួយបច្ចេកទេសរវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែតចាប់តាំងពីឆ្នាំ២០១៦ រហូតមក ក៏ដូចជាកិច្ចសហការពន្ធដារទ្វេរភាគីរបស់រដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៥ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណប្រតិភូនៃក្រសួងសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះក៏មានវត្តមានអមដំណើររបស់លោក គង់ វិបុល និងមន្ត្រីពន្ធដារពាក់ព័ន្ធ បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ក្រសួងហិរញ្ញវត្ថុ នៃប្រទេសស៊ុយអែត ដោយសម្រេចបាននូវលទ្ធផលជាទីមោទន ជាពិសេស គឺគម្រោងជំនួយបច្ចេកទេសរបស់ប្រទេសស៊ុយអែតដែលកំពុងផ្តល់ជូនអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។
គម្រោងជំនួយបច្ចេកទេសសម្រាប់រវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែត គឺមានរយៈពេល ០៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដោយផ្តោតទៅលើផ្នែក ០៣ គឺ១).ផ្នែកហានិភ័យក្នុងវិស័យ នៃការទូទាត់សាច់ប្រាក់ (Compliance Risk Management/Cash Sector), ២). ផ្នែករៀបចំសិក្សាពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax-PIT) និង ៣). ផ្នែកសេវាអ្នកជាប់ពន្ធ (Taxpayer Services)។
លោកបានលើកឡើងថា កំណែទម្រង់ពិតជាមានការលំបាក ជាពិសេស ការផ្លាស់ប្តូរនូវផ្នត់គំនិត (Change the Mindset) ដោយផ្លាស់ប្តូរផ្នត់គំនិតរបស់មន្ត្រីពីអ្នកគ្រប់គ្រងមកជាអ្នកផ្តល់សេវា ផ្លាស់ប្តូរផ្នត់គំនិតអ្នកជាប់ពន្ធពីការព្យាយាមគេចវេះ និងបន្លំពន្ធមកជាការព្យាយាមបំពេញកាតព្វកិច្ចនិងពង្រឹងអនុលោមភាពសារពើពន្ធ ការបណ្តុះនូវផ្នត់គំនិតនិងភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទម្រាំនឹងសម្រេចបាននូវវឌ្ឍនភាពដូចពេលបច្ចុប្បន្ននេះ។
លោកអគ្គនាយក បានបន្ថែមថាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល (RMS 2014 - 2018) ដោយសម្រេចបាននូវភាពជោគជ័យនៃការធ្វើកំណែទម្រង់និងទំនើបកម្មពន្ធដារ ដែលក្នុងនោះក្នុងរយៈពេល ០៦ ឆ្នាំចុងក្រោយនេះ គឺលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទតែងតែសម្រេចបានគ្រប់និងលើសផែនការច្បាប់កំណត់ ហើយសម្រាប់ការផ្តល់សេវាជូនអ្នកជាប់ពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងបន្តពង្រឹងតាមរយៈការរៀបចំសិក្សាទាំងកម្រិតអគ្គនាយកដ្ឋាន នាយកដ្ឋាន និងសាខាពន្ធដារខេត្ត-ខណ្ឌក្នុងន័យផ្សព្វផ្សាយអប់រំនិងចែករំលែកព័ត៌មាននិងវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងពន្ធដារ, ការបង្កើតនូវ Call Center, GDT-Live Chat, GDT News, ការបង្កើតកម្មវិធីតាមទូរស័ព្ទដៃ (Mobile Application) នានាសម្រាប់គោលដៅពន្ធដារនិងសេវាជូនអ្នកជាប់ពន្ធ, ព្រមទាំងការគ្រប់គ្រងនិងអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិជ្ជា ដើម្បីពង្រឹងប្រសិទ្ធិភាព សក្តិសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងារ។ លទ្ធផល ទាំងឡាយ គឺជាចូលរួមចំណែកនៃជំនួយបច្ចេកទេសតាមរយៈគម្រោ ង ជំនួយបច្ចេកទេសរវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែត នារយៈពេលកន្លងមក។
ជាមួយគ្នានេះ លោកស្រី Katrin Westling Palm អគ្គនាយក នៃរដ្ឋបាលសារពើពន្ធស៊ុយអែត បានអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន ក្រោមការដឹកនាំ របស់លោកអគ្គនាយក ក្នុងធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងការសម្រេចបានលទ្ធផលជោគជ័យនៃការអនុវត្តគម្រោ ង ជំនួយបច្ចេកទេសរវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែតនារយៈពេលកន្លងមក។
រដ្ឋបាលសារពើពន្ធស៊ុយអែតបានបង្ហាញការគាំទ្របន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធដារ ដោយពន្យាររយៈពេល០៦ ខែបន្ថែមទៀត សម្រាប់គម្រោងជំនួយបច្ចេកទេសនេះជូនអគ្គនាយកដ្ឋានពន្ធដារ លើរយៈពេលនៃគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្ន។
គួរបញ្ជាក់បន្ថែមថា ទោះក្នុងកាលៈទេសៈកន្លងមក រដ្ឋបាលសារពើពន្ធស៊ុយអែតនៅតែគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នមួយ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងប្រែក្លាយឱ្យអគ្គនាយកដ្ឋានពន្ធដារជា «គ្រឹះស្ថានសាធារណៈមួយដែលទទួលបាននូវភាពជឿជាក់និងការគោរព ហើយត្រូវបានទទួលស្គាល់ នូវគុណភាពនិងប្រកបជំនាញវិជ្ជាជីវៈក្នុងការគ្រប់គ្រងប្រមូលពន្ធក្នុងគោលដៅរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ច»។
ក្នុងវេលាព្រឹកថ្ងៃនេះផងដែរ លោកស្រី Katrin Westling Palm អគ្គនាយក នៃរដ្ឋបាលសារពើពន្ធស៊ុយអែត និងគណៈប្រតិភូអមដំណើររបស់រដ្ឋបាលសារពើពន្ធស៊ុយអែត ដោយមានការចូលរួម ពីលោក គង់ វិបុល បានជួបបដិសណ្ឋារកិច្ច សំដែងការគួរសម ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា-ស៊ុយអែត នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ និងថ្លែងអំណរគុណចំពោះក្រសួងហិរញ្ញវត្ថុ និងរដ្ឋបាលសារពើពន្ធ នៃប្រទេសស៊ុយអែត ក្នុងការគាំទ្រនិងផ្តល់ ជំនួយបច្ចេកទេសតាមរយៈគម្រោងជំនួយបច្ចេកទេសរវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែតចាប់តាំងពីឆ្នាំ២០១៦ រហូតមក៕