(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការធ្វើទស្សនកិច្ចទៅវិញទៅមករវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ មិនត្រឹមតែរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកយ៉ាងសំខាន់សម្រាប់មន្រ្ដីជំនាញលើ វិស័យធនាគារនៃប្រទេសទាំង២ផងដែរ។

ការលើកឡើងបែបនេះ របស់អគ្គទេសាភិបាលរូបនេះធ្វើឡើង នាឱកាសដែលលោកអញ្ជើញបិទ កម្មវិធីកិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

លោក ជា ចាន់តូ ថ្លែងឲ្យដឹងថា «ខ្ញុំសូម​សម្តែងការអបអរសាទរ​​ចំពោះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មា​និត​ឡាវ ពិសេសធនាគារ​កណ្តាល​ឡាវ ដែលសម្រេចបានការអភិវឌ្ឍវិស័យ-​ធនាគារ ប្រកប​​ដោយ​ភាព​រឹងមាំ ក្នុងស្ថានភាពល្អប្រសើរនៃ​ ម៉ាក្រូ​សេដ្ឋ​កិច្ច ​និងស្ថិរភាពហិរញ្ញវត្ថុជាមួយ ​នឹង​ទស្ស​ន​​វិស័យវិជ្ជមាននៅឆ្នាំ២០១៩»

លោកបន្ដថា «ការបន្តផ្លាស់ប្តូរចំណេះដឹង​ និង​បទពិសោធន៍ពិសេសតាមរយៈ​ទស្សន​កិច្ចទៅវិញទៅមក នៅតែមានសារៈសំខាន់សម្រាប់មន្ត្រីជំនាញ របស់ធនាគារកណ្តាល​ទាំង២ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី​របស់​យើង​ដែលទទួលបាន​​ផ្លែផ្កាជាបន្តបន្ទាប់នាពេលកន្លងមក»

លោកបន្ថែមថា កិច្ចសហ​ប្រតិបត្តិការ​នេះពិតជា បានរួម​ចំណែ​ក​យ៉ាងសំខាន់​នៅក្នុងការអភិវឌ្ឍ​វិស័យធនាគារ រឹត​ចំណង​​មិត្ត​​​​ភាពល្អ​​ប្រ​សើរ​ និង​ពង្រឹង​​សមត្ថភាព​មន្រ្តី​​ជំនាញ​​របស់​ធនាគារកណ្តាលទាំង២ ក៏​ដូច​ជា​​គាំ​ទ្រដល់​ការ​អភិវឌ្ឍ​​វិស័យ​​ហិរញ្ញវត្ថុ​ ​​និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

លោកបញ្ជាក់ថា «ខ្ញុំ​សង្ឃឹម​​​ថាមន្ត្រីទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេសនឹងបន្ត​យក​​ស្មារតី​​នៃ កិច្ចប្រជុំ​​​នា​ពេល​នេះប្រែក្លាយ និងពេលកន្លងមកទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការអភិវឌ្ឍវិស័យធនាគារ ​និងការពូនជ្រុំវប្ប​ធម៌​​សហប្រតិបត្តិការ ​ជា​ប្រពៃណីល្អប្រសើរ​ឱ្យកាន់តែ ​រឹងមាំ​ថែម​ទៀត»៕