Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វង្សី វិស្សុត៖ កំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង នឹងធ្វើឲ្យកម្ពុជាមានភាពឯករាជ្យ ឈរលើគោលការណ៍ខ្លួនទីពឹងខ្លួន (Video inside)

15-01-2019 18:26

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអះអាងថា ក្រសួងសេដ្ឋកិច្ច កំពុងតែខិតខំប្រឹងប្រែងរៀបចំ នូវកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីកាត់បន្ថយការចំណាយផ្លូវការ និងមិនផ្លូវការ ឲ្យវិនិយោគិន និងអ្នកធ្វើពាណិជ្ជកម្ម កាន់តែងាយស្រួល។

ការអះអាងបែបនេះ របស់លោក វង្សី វិស្សុត បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមជាអធិបតីភាព ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីសម្ដេចតេជោ ហ៊ុន សែន កំណត់ឲ្យមានការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងនោះ ខណៈពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែខិតខំប្រឹងប្រែងប្រជុំរៀបចំធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងនេះ ឲ្យបានដាក់ដំណើរការឆាប់ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ។

ការដាក់ចេញនូវវិធានការណ៍កំណែរទម្រង់នេះ ធ្វើឡើងដើម្បីទប់ស្កាត់ផលប៉ះពាល់ សម្រាប់សេដ្ឋកិច្ចកម្ពុជា នៅគ្រាដែលសហគមន៍អឺរ៉ុប ដែលជាទីផ្សារដ៏ធំមួយ សម្រាប់ការនាំចេញរបស់កម្ពុជា មានបំណងដកចង់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ជាមួយគ្នានោះ លោក វង្សី វិស្សុត ក៏បានពន្យល់ផងដែរថា ការដាក់ចេញនូវកំណែទម្រង់ ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងនេះ នឹងធ្វើឲ្យកម្ពុជាមានភាពឯករាជ្យ ដោយមានគោលការណ៍ខ្លួនទីពឹងខ្លួន ប៉ុន្ដែនៅតែរកស៊ីជាមួយបណ្ដាលប្រទេសដទៃ ដោយមិនមានគំនាបដូចពីមុខឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះ «យើងធ្វើកិច្ចការជាមួយគេ ដោយឈរលើគោលការណ៍ពាណិជ្ជកម្ម ឈប់ពឹងអនុគ្រោះពន្ធ អាហ្នឹងវា ធ្វើឲ្យយើងមានទម្លាប់មួយ អត់គេងាប់»

លោកបន្ដទៀតថា «ឯករាជ្យ មានន័យថា អត់វាមិនងាប់ មិនមែនមិនរកស៊ីជាមួយគេទេ នៅតែរត់ទៅរកស៊ីជាមួយគេទៀត ប៉ុន្ដែរកស៊ីដោយឈរលើគោលការណ៍ស្មើភាព និងគោលការណ៍ទីផ្សារ មិនមែនគោលការណ៍អនុគ្រោះទេ»

នៅពេលដែលកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងនេះ ដាក់ចេញរួចហើយ ទោះបីជាសហគមន៍អឺរ៉ុប មានបំណងដកចង់ប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជា (EBA) ក៏ដោយ ក៏កម្ពុជា នៅតែនាំចេញបានដដែល។ នេះជាការគូសបញ្ជាក់បន្ថែម របស់រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា «កំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង បានន័យថា ផ្ទៃក្នុងកាន់តែខ្លាំងឡើង ឲ្យវាមានភាពប្រកួតប្រជែងខ្លាំងឡើង ក៏ប៉ុន្ដែបើកចំហរជាមួយប្រទេសខាងក្រៅផងដែរ»