(ភ្នំពេញ)៖ សម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ២០១៨ របស់ខ្លួន ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព បញ្ហាប្រឈមក្នុងឆ្នាំ២០១៨ និងដើម្បីចែករំលែកក្នុងការពិភាក្សា នៃការវាយតម្លៃអំពីវឌ្ឍនភាពកន្លងមក ពីបទពិសោធន៍ដែលទទួលបានតាមរយៈការអនុវត្តគម្រោងផ្សេងៗរបស់ SUN CSA ក៏ដូចជាកំណត់គម្លាតនៃបញ្ហាប្រឈម និងឱកាសដើម្បីបង្កើតគំរូ នៃការអនុវត្តល្អបំផុត និងកំណត់ជំហានបន្ទាប់សម្រាប់ឆ្នាំ២០១៩ផងដែរ។

សិក្ខាសាលាប្រចាំឆ្នាំ២០១៨ របស់សម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជានេះដែរ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាពពីលោក សុខ ស៊ីឡូ អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ និងជនបទ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់ចលនាអាហារូបត្ថម្ភនៅកម្ពុជា អង្គការពាក់ព័ន្ធដែលជាសមាជិក លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើនផងដែរ។

លោក​​ ហ៊ូ ក្រើន នាយករងអង្គការ HKI និងជាអ្នកសម្របសម្រួលសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភនៅកម្ពុជាបានឲ្យដឹងថា បើទោះបីកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និងអាហាររូបត្ថម្ភរបស់មាតា និងទារក ក្នុងរយៈពេលពីរទស្សវត្សន៏ចុងក្រោយក៏ដោយ ក៏បញ្ហាកង្វះអាហាររូបត្ថម្ភនៅកម្ពុជាស្ថិតនៅក្នុងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៏ទាំងអស់។

លោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំជិតមួយភាគបី ឬប្រមាណ ៤,៤៥៤ករណី នៃមរណៈភាពកុមារសរុបនៅកម្ពុជា មានទំនាក់ទំនងជាមួយបញ្ហាកង្វះអាហាររូបត្ថម្ភ។ លើសពីនេះទៀតមានកុមារអាយុក្រោម៥ឆ្នាំ ចំនួន៣២នាក់ ក្នុងចំណោម១០០នាក់ មានបញ្ហាក្រិសក្រិន ដែលជាអត្រាមួយខ្ពស់ មិនអាចទទួលយកបាន ហើយជាមួយគ្នានេះនិន្នាការលើសទម្ងន់ និងធាត់ជ្រុលកំពុងតែវាលុក យ៉ាងខ្លាំងនៅតំបន់ទីក្រុង និងជនបទមួយចំនួន ដែលទាំងអស់នោះហើយជាបញ្ហាផងដែរ។

លោកបន្តថា ក្នុងឆ្នាំ២០១៩នេះ សម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភនៅកម្ពុជា នឹងធ្វើការជិតស្និទ្ធ ជាមួយក្រសួងពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងសមាជិកបណ្តាញចលនាពង្រីក អន្តរាគមន៍អាហារូបត្ថម្ភដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទំរង់ទាំងអស់នៅកម្ពុជា។

លោក សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់ចលនាអាហារូបត្ថម្ភនៅកម្ពុជាបានឲ្យដឹងថា
ចលនានេះ មានគោលបំណងប្រមូលផ្ដុំនូវអ្នកពាក់ព័ន្ធទាំងអស់ ការកៀរគរធនធាន និងចែករំលែកបទពិសោធន៏ ផ្លាស់ប្ដូរយោបលគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្តម្ភរបស់ប្រជាជននៃប្រទេសជាសមាជិក។

លោកបានបញ្ជាក់ថា ចលនាបង្កើតកិច្ចអន្ដរាគមន៍អាហារូបត្ថម្ភពិភពលោក គឺការប្ដេជ្ញាចិត្តរបស់ប្រទេសជាសមាជិក ដើម្បីធ្វើការជាមួយគ្នាក្នុងគោលបំណងរួម និងការទទួលខុសត្រូវរួម ដើម្បីដោះស្រាយបញ្ហា
អាហារូបត្ថម្ភនៅក្រោមចលនារួមគ្នា។ ចលនាបង្កើនកិច្ចអន្ដរាគមន៍ អាហារូបត្ថម្ភពិភពលោក មិនមែនជាស្ថាប័នដើម្បីផ្តល់មូលនិធិ ឬកម្មវិធីសម្រាប់អនុវត្ត ឬបង្កើតយន្តការស្តង់ដារបច្ចេកទេសស្ដីពីអាហារូបត្ថម្ភទេ
ហើយក៏គ្មានសិទិ្ធបង្ខំទៅលើប្រទេសជាសមាជិកឲ្យអនុវត្តទៅតាមគោលការណ៍របស់ខ្លួនផងដែរ។

លោកបន្តថា ចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោក បានតម្រូវឲ្យប្រទេសជាសមាជិកត្រូវបង្កើតនូវបណ្ដាញការងារ ដើម្បីអាហារូបត្ថម្ភចំនួន៤ ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហាអាហារូបត្ថម្ភដូចជា៖ បណ្ដាញអង្គការ
សហប្រជាជាតិ (UN network), បណ្ដាញ់ប្រទេសផ្ដល់ជំនួយ (Donor network), បណ្ដាញអង្គការសម្ព័ន្ធសង្គមស៊ីវិល (Civil Society network), និងបណ្តាញធុរកិច្ច (Business network)ផងដែរ៕