(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៥ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ពី វិនិយោគិនជប៉ុន បង្ហាញទំនុកចិត្តមកលើទីផ្សារមូលបត្រកម្ពុជា។
CSX បានឲ្យដឹងថា ស្របពេលដែលទីផ្សារមូលបត្រកម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សំគាល់ ក្នុងកំឡុងឆ្នាំ២០១៨ ដែលមានដូចជាការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធជួញដូរចល័ត ការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មជាលើកដំបូង និងកំណើនវិនិយោគិនដល់ជាង២ម៉ឺននាក់ គេសង្កេតឃើញមានការកើនឡើងយ៉ាងខ្លាំង នូវចំនួនវិនិយោគិនបរទេសផងដែរ។
សម្រាប់ឆ្នាំ២០១៧ ចំនួន វិនិយោគិនបរទេសបានកើនឡើងត្រឹម ៧.៤៤% ប៉ុន្តែតួលេខនេះបានកើនដល់ ១៩.៤៩% សម្រាប់ឆ្នាំ២០១៨ ដែលចំនួនវិនិយោគិនបរទេសសរុបត្រឹមចុងឆ្នាំ២០១៨ បានកើនឡើងដល់៣០៩០នាក់។ ក្នុងចំណោមវិនិយោគិនជាង ៣ពាន់នាក់នេះ ចំនួនវិនិយោគិនជនជាតិចិន នៅតែឈរលំដាប់លេខ១ ប៉ុន្តែសន្ទុះកំណើននៃវិនិយោគិនជប៉ុន មានការកើនឡើងច្រើនជាងគេ រហូតដល់ ២៣.០៩% សម្រាប់ឆ្នាំ ២០១៨។
ទន្ទឹមនឹងការកើនឡើងយ៉ាងច្រើននូវចំនួនគណនី វិនិយោគិនជប៉ុនក៏បានធ្វើការជួញដូរច្រើនជាងគេក្នុងចំណោម វិនិយោគិនបរទេសនៅក្នុងឆ្នាំ២០១៨នេះ។ នៅក្នុងឆ្នាំ២០១៧ វិនិយោគិនជប៉ុនបានឈរនៅត្រង់ចំណាត់ថ្នាក់ទី៤ បើនិយាយពីទំហំជួញដូរ ប៉ុន្តែនៅឆ្នាំ២០១៨ ទំហំជួញដូររបស់វិនិយោគិនជប៉ុនបានកើនដល់ ៣,០៧៣,៦៥៦,០៦០រៀល ហើយឈនៅលំដាប់ទីមួយ៕