(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចមកសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតគាំទ្រ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីនេះ ត្រូវដកចោលទាំងអស់។
យោងតាមលិខិតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា សូមប្រកាសគាំទ្រចំពោះចំណាត់ការ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទុកតែស្ថាប័នពីរប៉ុណ្ណោះគឺ ស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍នៅតាមច្រកទ្វារព្រំដែន។
យោងតាមលិខិតឲ្យដឹងទៀតថា «វិស័យស្រូវអង្ករទាំងមូល នឹងទទួលបានប្រយោជន៍ខ្ពស់តាមរយៈការ កាត់បន្ថយពេលវេលា និងចំណាយលើការនាំចូលសំភារៈ និងធាតុចូលដែលចាំបាច់សម្រាប់កសិកម្មដំណាំស្រូវ ការកិនកែច្នៃអង្ករពិសេស កាត់បន្ថយភាពស្មុគស្មាញ និងចំណាយផ្សេងៗសម្រាប់ការនាំចេញអង្ករ»។
សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមាជិកក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកកដាក់ដល់វិស័យឯកជន ពិសេសកសិករ និងបានដោះស្រាយរាល់កង្វល់នានាធ្វើឲ្យជីវភាពប្រជាជនប្រសើរឡើង ក្នុងគោលដៅឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា នៅចំពោះមុខអ្នកសារព័ត៌មានជិត៥០០០នាក់ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងទាក់ទិនត្រង់ចំណុចនេះ យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចអម្បិញមិញ មាត់ច្រកនៅតាមមាត់ច្រក តាមព្រំដែនក្នុងការនាំចេញនាំចូល អត់មានតម្រូវស្ថាប័នណាក្រៅតែពី អន្ដោប្រវេសន៍ និងគយ មានតែ២នេះ ក្រៅពីនោះដកចេញឲ្យអស់ ទាំងអាកាំកុងត្រូល ទាំងស្អីដកចេញឲ្យអស់។ អាហ្នឹងវាកើតទៅជាឧបសគ្គ នៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ។ ចឹងបើទុកវានាំតែខាតដដែល ឲ្យវាមកចេញមកទុកតែ ប៉ូលីសអន្ដោប្រវេសន៍ អាហ្នឹងវាត្រូវវៃត្រា និងគយបានហើយ»។
យោងតាមការសាកសួរព័ត៌មាន ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងនោះ មានទាំងមន្ដ្រីនគរបាលអន្ដោប្រវេសន៍ បានប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះក្រុមមន្ដ្រីដែលត្រូវបានដាក់ប្រចាំការ នៅតាមច្រកទ្វារព្រំដែនអន្ដរជាតិ រួមមាន៖
*ទី១៖ ប្រធានទីស្នាក់ការ (ជាមន្ដ្រីរបស់សាលាខេត្ដ) ជាប្រធាន
*ទី២៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជាអនុប្រធាន
*ទី៣៖ មន្រ្ដីគយ និងរដ្ឋាករ
*ទី៤៖ មន្ដ្រីកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម
*ទី៥៖ មន្ដ្រីយោធាទំនាក់ទំនងព្រំដែន នៃអគ្គបញ្ជាការ
*ទី៦៖ មន្ដ្រីចតាឡីស័ក (មន្ដ្រីពិនិត្យលើជំងឺឆ្លង) របស់មន្ទីរសុខាភិបាលខេត្ត នៃក្រសួងសុខាភិបាល
*ទី៧៖ មន្ដ្រីនគរបាលបង្ក្រាបគ្រឿងញៀនតាមព្រំដែន BLO ជាដើម។
ខាងក្រោមនេះ ជាលិខិតគាំទ្ររបស់ សហព័ន្ធស្រូវអង្ករកម្ពុជាទាំងស្រុង៖