(ភ្នំពេញ)៖ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះ សំណាល និងពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក Varadan Kumar អនុព័ន្ធយោធាឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកវរសេនីយ៏ឯក Kumar ដែលបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ នាយឧត្តមសេនីយ៍ ក៏បានចាត់ទុកបេសកកម្មបំពេញការងារនៅកម្ពុជា គឺបានបង្កើនការពង្រឹងពង្រីកបន្ថែមទៀត នូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែលមានតាំងពីយូរលង់ណាស់មកហើយ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងក្រសួងការពារប្រទេសឥណ្ឌា ដែលបានជួយឧបត្ថម្ភគាំទ្រនិងជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទមានជាច្រើនផ្នែក។ ដោយគិតចាប់តាំង ពីការបោះឆ្នោតឆ្នាំ១៩៩៣មក ឥណ្ឌា គឺជាប្រទេសនាំមុខគេក្នុងការជួយកម្ពុជា លើវិស័យដោះមីនគ្រាប់មិនទាន់ផ្ទុះ និងជួយបណ្តុះបណ្តាល ដល់កងយោធពលខេមរភូមិន្ទ ក្នុងការថែរក្សាសន្តិភាព ទាំងក្នុងប្រទេស និងបញ្ជូនទៅក្រៅប្រទេស ដែលគិតមកដល់ពេលនេះ មានចំនួន៣៤វគ្គ និងមានសិក្ខាកាមចំនួនជិត១,០០០នាក់។
នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ជំនួយហ្វឹកហ្វឺនទាំងនេះ ពិតជាមានសារៈសំខាន់បំផុតដល់កងយោធពលខេមរភូមិន្ទ ក្នុងការពង្រឹង និងពង្រីកនូវវិសាលភាពថែរក្សាសន្តិភាព របស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះជាអាទិភាពមួយ ក្នុងចំណោមអាទិភាព ទាំងឡាយសម្រាប់វិស័យការពារជាតិ ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រម្ពុជា ដែលតែងតែប្រាថ្នា ជួយដល់អង្គ-ការសហប្រជាជាតិ ក្នុងការផ្តល់សេវាសន្តិភាពដល់ប្រទេសដែលមានសង្គ្រាមនៅជុំវិញពិភពលោកដូចដែលអង្គការ សហប្រជាជាតិធ្លាប់បានជួយកម្ពុជា ក្នុងទសវត្សទី៩០។ ហើយកន្លងមកក៏មានសិក្ខាកាមយោធាឥណ្ឌា បានមកសិក្សាស្វែងយល់ផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក ទាំងនេះបង្ហាញឃើញពីទំនាក់ទំនងកាន់តែជិតស្និត រវាងកងទ័ពយើងទាំងពីរ។
ទន្ទឹមនឹងនេះដែរលោកវរសេនីយ៍ឯក Kumar ក៏បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសំណេះសំណាល នាឱកាសនេះ។ លោកអនុព័ន្ធបានបន្តទៀតថាឥណ្ឌានៅតែបន្តជួយ ដល់កងទ័ពកម្ពុជាលើផ្នែកយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស តាមសំណូមពររបស់ផ្នែកបណ្តុះបណ្ដាល របស់ភាគីខាងកម្ពុជាបានដាក់ស្នើសុំទៅ និងបានសន្យាជួយផ្តល់បច្ចេកទេសផ្សេងៗទៀត តាមលទ្ធភាពជាក់ស្តែងដល់កងយោធពលខេមរភូមិន្ទ៕