(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជារួចមក សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ហៅកាត់ថា CAMTA នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតគាំទ្រ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។ នេះបើយោងតាមលិខិតរបស់សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
ការបញ្ជានេះ ត្រូវបានសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ចាត់ទុកថា ជាវិធីធ្វើឡើងកុំឲ្យមានភាពស្មុគស្មាញ នៅក្នុងការបំពេញបែបបទនាំចេញ-នាំចូល និងដើម្បីកាត់បន្ថយតម្លៃដើមទំនិញ នាំចេញ និងពិចារណបន្ថែមលើការបញ្ចុះតម្លៃ Scan ដែលជាចក្ខុវិស័យមួយស្ថិតក្នុង យុទ្ធនាការពង្រឹងឯករាជ្យកម្ពុជា។
សូមបញ្ជាក់ថា នៅចំពោះមុខអ្នកសារព័ត៌មានជិត៥០០០នាក់ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងទាក់ទិនត្រង់ចំណុចនេះ យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចអម្បិញមិញ មាត់ច្រកនៅតាមមាត់ច្រក តាមព្រំដែនក្នុងការនាំចេញនាំចូល អត់មានតម្រូវស្ថាប័នណាក្រៅតែពី អន្ដោប្រវេសន៍ និងគយ មានតែ២នេះ ក្រៅពីនោះដកចេញឲ្យអស់ ទាំងអាកាំកុងត្រូល ទាំងស្អីដកចេញឲ្យអស់។ អាហ្នឹងវាកើតទៅជាឧបសគ្គ នៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ។ ចឹងបើទុកវានាំតែខាតដដែល ឲ្យវាមកចេញមកទុកតែ ប៉ូលីសអន្ដោប្រវេសន៍ អាហ្នឹងវាត្រូវវៃត្រា និងគយបានហើយ»។
យោងតាមការសាកសួរព័ត៌មាន ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងនោះ មានទាំងមន្ដ្រីនគរបាលអន្ដោប្រវេសន៍ បានប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះក្រុមមន្ដ្រីដែលត្រូវបានដាក់ប្រចាំការ នៅតាមច្រកទ្វារព្រំដែនអន្ដរជាតិ រួមមាន៖
*ទី១៖ ប្រធានទីស្នាក់ការ (ជាមន្ដ្រីរបស់សាលាខេត្ដ) ជាប្រធាន
*ទី២៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជាអនុប្រធាន
*ទី៣៖ មន្រ្ដីគយ និងរដ្ឋាករ
*ទី៤៖ មន្ដ្រីកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម
*ទី៥៖ មន្ដ្រីយោធាទំនាក់ទំនងព្រំដែន នៃអគ្គបញ្ជាការ
*ទី៦៖ មន្ដ្រីចតាឡីស័ក (មន្ដ្រីពិនិត្យលើជំងឺឆ្លង) របស់មន្ទីរសុខាភិបាលខេត្ត នៃក្រសួងសុខាភិបាល
*ទី៧៖ មន្ដ្រីនគរបាលបង្ក្រាបគ្រឿងញៀនតាមព្រំដែន BLO ជាដើម។
ខាងក្រោមនេះ ជាលិខិតគាំទ្ររបស់ CAMTA ៖