(ចិន)៖ សេចក្តីសម្រេចរបស់អង្គប្រជុំថ្នាក់ដឹកនាំរដ្ឋាភិបាលចិន បានសម្រេចថា រដ្ឋាភិបាលចិននឹងបន្ទាបស្ដង់ដាវាយតម្លៃក្រុមហ៊ុនខ្នាតតូច សម្រាប់ការងារអនុគ្រោះពន្ធលើប្រាក់ចំណូលក្រុមហ៊ុននេះ។
សម្រាប់ក្រុមហ៊ុនដែលមានប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំក្រោម១សែន៥ម៉ឺនដុល្លារអាមេរិក គេនឹងជាប់ពន្ធត្រឹមតែ២៥ភាគរយនៃប្រាក់ចំណូលសរុបប៉ុណ្ណោះ ពោលគឺបង់ពន្ធតិចជាងមុន៥ភាគរយ។ ចំណែកឯក្រុមហ៊ុនដែលមានចំណូលជាប់ពន្ធពីចន្លោះ១សែន៥ម៉ឺនដុល្លារ ទៅ ៤សែន៥ម៉ឺនដុល្លារអាមេរិកវិញ ប្រាក់ចំណូលរបស់គេនឹងជាប់ពន្ធត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ពោលគឺបង់ពន្ធតិចជាងមុន១០ភាគរយ។
ការបន្ថយពន្ធនេះ នឹងអនុវត្តទៅលើជាង៩៥ភាគរយនៃក្រុមហ៊ុនដែលជាប់ពន្ធ។ ក្នុងចំណោម៩៥ភាគរយនោះ មាន៩៨ភាគរយទៅហើយ ដែលជាក្រុមហ៊ុនដែលមិនមែនជារបស់រដ្ឋ។
លោក ប៉ាយ ជីងមីង អនុប្រធាន បណ្ឌិតសភាវិទ្យាសាស្ត្រសារពើពន្ធ និយាយថា «បើប្រៀបធៀបជាមួយការអនុគ្រោះពន្ធដែលធ្លាប់ បានធ្វើនាពេលកន្លងមក ការបន្ថយពន្ធលើកនេះ គឺមានលក្ខណៈពិសេសធំៗចំនួនពីរ។ ទីមួយគឺ ការបន្ថយពន្ធលើកនេះ គឺមានទំហំធំជាងមុន។ បើគិតសរុបទៅ គឺបន្ថយដល់ទៅជិត៣ម៉ឺនលានដុល្លារអាមេរិកឯណោះក្នុង១ឆ្នាំ។ ហើយលក្ខណៈពិសេសទីពីរគឺថា ការអនុគ្រោះពន្ធលើកនេះ គឺត្រូវអនុវត្តលើពន្ធជាច្រើនប្រភេទ»។
ការបន្ថយពន្ធនេះ មានអនុវត្តចំពោះពន្ធលើប្រាក់ចំណូល ពន្ធលើតម្លៃបន្ថែម ពន្ធលើការប្រើប្រាស់ធនធានធម្មជាតិ និងពន្ធលើការប្រើប្រាស់ដីធ្លីនៅតាមទីប្រជុំជន។
បើនិយាយអំពីអត្រាជាប់ពន្ធ ចំពោះពន្ធលើតម្លៃបន្ថែម សម្រាប់ក្រុមហ៊ុនខ្នាតតូចដែលជាប់ពន្ធវិញ រដ្ឋនឹងដំឡើងអត្រាជាប់ពន្ធនេះ ពី៤៤០០ដុល្លារអាមេរិក ទៅជា១ម៉ឺន៤ពាន់៧រយដុល្លារអាមេរិកនៃប្រាក់ចំណូលពីការលក់ប្រចាំខែវិញ។ អត្រាថ្មីនេះនឹងត្រូវអនុវត្តចំពោះក្រុមហ៊ុនខ្នាតតូចអាជីករ និងក្រុមហ៊ុនខា្នតតូចដែលជាប់ពន្ធផ្សេងៗទៀត។
ស្របពេលនេះដែរ រដ្ឋាភិបាលថ្នាក់ខេត្តទាំងឡាយ នឹងត្រូវបានផ្ដល់សិទ្ធឱ្យបន្ថយពន្ធលើការប្រើប្រាស់ធនធានធម្មជាតិ ពន្ធសម្រាប់ការថែទាំទីប្រជុំជន ពន្ធប្រថាប់ត្រា ពន្ធលើការប្រើប្រាស់ដីធ្លីនៅតាមទីប្រជុំជន និងពន្ធលើការកាន់កាប់ដីធ្លីដែលអាចដាំដុះបាន ពន្ធសម្រាប់ឧបត្ថម្ភវិស័យអប់រំ និង ពន្ធសម្រាប់ឧបត្ថម្ភវិស័យអប់រំនៅមូលដ្ឋាន។ រដ្ឋាភិបាលថ្នាក់ខេត្ត នឹងអាចបន្ថយពន្ធទាំងនេះបានរហូតដល់ទៅ៥០ភាគរយឯណោះ សម្រាប់ជួយដល់ក្រុមហ៊ុនខា្នតតូចទាំងឡាយដែលមានកាតព្វកិច្ចបង់ពន្ធ។
ការអនុគ្រោះពន្ធនេះ នឹងមានអនុវត្តចំពោះការវិនិយោគទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបនឹងបង្កើតថ្មី ក្រុមហ៊ុនវិនិយោគទុន និងវិនិយោគិនដែលបណ្ដាក់ទុនលើអាជីវកម្មខ្នាតតូច៕ (សារព័ត៌មាន CCTV របស់ចិន)