(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការឆ្មក់ ចូលបង្ក្រាបទីតាំងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនមួយកន្លែង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតក្រាមសថ្លាចំនួន១២៦កញ្ចប់តូច-ធំ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ រួមាន៖ ទី១-ឈ្មោះ ទន់ ប៊ុនរឹទ្ធ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២ ឈ្មោះ ស៉ីន សុខវាសនា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅនៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន អធិការងខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តន៍ គោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បន្តការស្រាវជ្រាវបង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀន លួច ឆក់ និងប្លន់ ដើម្បីរក្សារបាននូវ ភូមិ ឃុំ មានសុវត្ថិភាព កម្លាំងនគរបាលខណ្ឌបានចុះឃាត់ជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាពជួញដូរសារធាតុញៀន យ៉ាងអនាធិបតេយ្យ នៅចំណុចផ្លូវរថភ្លើង និងដកហូតក្រាមសរថ្លា ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១២៥កញ្ចប់តូច និង១កញ្ចប់ធំ, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យ រួមជាមួយនឹងវត្ថុតាង យកទៅកាន់អធិការដ្ឋានដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕