(ភ្នំពេញ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋទូទៅនោះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារអូរឬស្ស៊ី ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់តែលទ្ធផលពុំរកឃើញអ្វីដែលត្រូវការហាមឃាត់នោះឡើយ។

ខណៈកំពុងចុះត្រួតពិនិត្យនោះ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលផែរស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានសហការជាមួយ គណៈកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ។

លោកបានបន្តថា ក្នុងប្រតិបត្តិការនេះ ក្រុមការងាររបស់លោកបានយកគំរូម្ហូបអាហារចំនួនជាង៤០គំរូ មកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ទៅលើទំនិញដូចជា៖ ផលលិតផលគ្រឿងសមុទ្រ ប្រហិត ប៉ាតេ ផ្អកម៉ាំ និងប្រហុកជាដើម ប៉ុន្តែក្នុងប្រតិបត្តិការនេះពុំរកឃើញនូវសារធាតុគីមីហាមឃាត់ ក្នុងគំរូណាមួយនោះឡើយ ដោយហេតុថា ពេលនេះបងប្អូនអាជីវករ ក៏ដូចជា អ្នកផលិតនិងដាំបានយល់ដឹកច្រើនអំពីផលប៉ះពាល់នូវសារធាតុគីមីហាមឃាត់ទាំងនោះ។

យ៉ាងណាក៏ដោយ ក្រុមការងាររបស់លោក នៅតែបន្តអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ ត្រូវតែដាក់លក់របស់របរខ្លួនឲ្យបានត្រឹមត្រូវ និងសុវត្ថិភាពបំផុត ដើម្បីធ្វើយ៉ាងណាកុំឲ្យមានផលប៉ះ ពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់។ ជាងនេះទៅទៀត ក្រុមការងារបានអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមនឹង មុខច្បាប់ដល់អាជីវករ ដែលបាននាំយក និងទទួលមកដាក់លក់នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ ជាដើមផងដែរ។

លោកបញ្ជាក់ថា ចំពោះសកម្មភាពទាំងនេះ ​គឺអនុវត្តន៍ទៅតាមការ​ណែ​នាំរបស់ប្រធានប្រតិភូរាជ​រដ្ឋា​ភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕