(សៀមរាប)៖ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស បានបើកកិច្ចប្រជុំលើកទី២៧ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់ នៃព្រះរាជណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយមានវត្តមានគណៈប្រតិភូសភាសមាជិក APPF ចំនួន២១ប្រទេស គណៈប្រតិភូអ្នកសង្កេតការណ៍ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី បានផ្ញើព្រះរាជសារចូលរួមអបអរសាទរចំពោះកិច្ចប្រជុំនេះដែរ។ ព្រះអង្គបានមានព្រះរាជបន្ទូលក្នុងព្រះសារថា កិច្ចប្រជុំនេះគឺជាពេលវេលាដ៏ល្អមួយ ដែល APPF ជួបជុំគ្នា ដើម្បីត្រិះរិះពិចារណានូវបទពិសោធន៍ទាំងឡាយកន្លងមក ព្រមទាំងប្រមើលមើលនូវនិន្នាការធំៗដែលនឹងមានឥទ្ធិពលចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងធ្វើការរំពឹងទុកចំពោះមធ្យោបាយរួមនានា ទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព។ ក្នុងនាមពលរដ្ឋខ្មែរ ព្រះករុណាព្រះមហាក្សត្រ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ គណៈប្រតិភូទាំងអស់ ដែលបានមានវត្តមានលើទឹកដីអង្គរដ៏ស្រស់បវររបស់កម្ពុជា។
សម្តេចពញាចក្រី ហេង សំរិន បានសម្តែងសុទិដ្ឋិនិយមថា កិច្ចប្រជុំក្រោមមូលបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភា» គឺជាឱកាសដ៏ល្អមួយទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងសកលលោក តាមរយៈការចូលរួមអនុម័តសេចក្ដីសម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់សភាជាសមាជិក។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់ APPF ធ្វើឲ្យមានការផ្លាស់ប្តូរទស្សនទានគ្នាទៅវិញទៅមកក្នុងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ជាគោលមាគ៌ា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍនៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការបណ្ដុះបណ្ដាលឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នា ខាងភូមិសាស្ត្រនយោបាយ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាបណ្តុំសភាធំមួយដែលមានចក្ខុវិស័យកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ វេទិកានេះបានបង្កើតនៅក្នុងឆ្នាំ១៩៩៣នៅប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន២៧ប្រទេស។
ជាមួយការគំាទ្រកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកនាឱកាសនេះ ថាជាយន្តការមួយដើម្បីកសាងសុខសន្តិភាពប្រកបដោយចីរភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបគណៈប្រតិភូ APPF ថា កម្ពុជាជាប្រទេសមួយដែលកាលពី៤០ឆ្នាំមុនជាវាលពិឃាត។ ហើយនៅក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានរដ្ឋាភិបាលមួយក្នុងប្រទេសមួយទេ។ អតីតកាលកម្ពុជា យ៉ាងហោចណាស់មានពីរតំបន់ក្នុងប្រទេសមួយ។ ការគ្រប់គ្រងពីរក្នុងប្រទេសតែមួយ ហើយមានពេលខ្លះមានតំបន់គ្រប់គ្រងដល់ទៅ៤ក្នុងប្រទេសតែមួយ។
ប្រទេសកម្ពុជាបានរំដោះចេញពីរបបប៉ុលពតកាលពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ហើយចាប់ពីឆ្នាំ១៩៩៨មកទេ ដែលកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ១៩៩៨ កម្ពុជាបានក្លាយជាប្រទេសមួយដែលមានព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងការគ្រប់គ្រងតែមួយ។ សម្តេចបានគូសបញ្ជាក់មានតែសន្តិភាពដែលអាចឲ្យយើងមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិបាន។
បន្ទាប់ពីបានឆ្លងកាត់សង្រ្គាមកម្ពុជាបានកំពុងប្រែក្លាយពីប្រទេសពឹងលើវិស័យកសិកម្មទៅជាប្រទេសពឹងលើខាងឧស្សាហកម្ម និងសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម៧% នៅក្នុងរយៈពេលចុងក្រោយនេះ។ ភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ហើយនៅពេលនេះសល់តែប្រមាណ១០%ប៉ុណ្ណោះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឲ្យ APPF រួមគ្នាគោរពតួនាទីអង្គការសហប្រជាជាតិ អាស៊ាន ហើយប្រកាន់ភ្ជាប់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីបំពេញតួនាទីដ៏សំខាន់បម្រើប្រជាពលរដ្ឋជារួម។
នៅក្នុងពិធីបើកកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក៏បានផ្តល់ឱកាសជូនគណៈប្រតិភូបរទេសឡើងមានចំណាប់អារម្មណ៍ផងដែរ។ ឯកឧត្តម តាគូជិ យ៉ាណាជីម៉ូតុ គណៈប្រតិភូរដ្ឋសភាប្រទេសជប៉ុន បានឡើងធ្វើចំណាប់អារម្មណ៍ក្នុងនាមតំណាងប្រធានកិត្តិយស នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានឡើងធ្វើចំណាប់អារម្មណ៍ក្នុងនាមជាប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៦ កាលពីឆ្នាំ២០១៨។
ក្នុងនាមគ្រួសារ APPF តែមួយ ឯកឧត្តម តាគូជិ យ៉ាណាជីម៉ូតុ និង Nguyen Thi Kim Ngan បានកោតសរសើរពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការលើកកម្ពស់តួនាទី APPF ហើយតាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងធ្វើឲ្យ APPF មានប្រសិទ្ធភាពកាន់តែច្រើនក្នុងដំណើឆ្ពោះទៅការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែកសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានលើកឡើងក្នុងកិច្ចប្រជុំលើកទី២៧ នាឱកាសនេះ ជាជោគជ័យមួយនៃវិស័យការទូតសភា។ តាមរយៈការទូតសភាដ៏សកម្ម មានបំណង និងគោលដៅរួមគ្នា ចង់ឃើញពិភពលោកមួយមានសន្តិភាព សន្តិសុខ និងចង់បានកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មោះត្រង់ គោរពគ្នាទៅវិញទៅមក និងចេះថែរក្សាផលប្រយោជន៍ទៅវិញទៅមកយូរអង្វែង។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ក្នុងន័យនេះ សភាកម្ពុជាសូមលើកទឹកចិត្តឲ្យបង្កើនការសន្ទនា ដោយស្មារតីសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងតួអង្គពាក់ព័ន្ធនានា លើបញ្ហាសន្តិសុខ អន្តោប្រវេសន៍ បញ្ហាជម្លោះពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត លើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងតាមរយៈយន្តការដែលមានស្រាប់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា អាស៊ី-ប៉ាស៊ីហ្វិកមិនគ្រាន់តែជាតំបន់ដែលមានពហុជាតិសាសន៍ ជំនឿសាសនា និងមានភាពផ្សេងៗគ្នា នៃអារ្យធម៌រុងរឿងដ៏យូរលង់ប៉ុណ្ណោះទេ តែក៏ជាតំបន់មានសុខសន្តិភាព និងមានការរីកចម្រើន ផលិតកម្មដ៏ធំទូលាយ ទីផ្សារធំ និងជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងសកលលោក ដែលជាប្រភពចំណូលដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចប្រធាន APPF បានគូសបញ្ជាក់ថា «ព្រឹត្តិការណ៍ថ្ងៃនេះ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់យើងទាំងអស់គ្នា ធ្វើសំយោគនូវទស្សនទានប្រកបដោយវិចារណញ្ញាណ បណ្តុះចក្ខុវិស័យវែងឆ្ងាយ សម្រាប់ជាគោលមាគ៌ា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍនៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការបណ្ដុះបណ្ដាលឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នាខាងភូមិសាស្ត្រនយោបាយ»៕