(សៀមរាប)៖ ក្នុងពេលឡើងថ្លែងសន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-27) នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវបញ្ហាប្រឈមធំៗចំនួន៥ចំណុច ដែលបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចាំបាច់ត្រូវរួមគ្នារិះរកវិធីដោះស្រាយ។
ទន្ទឹមនឹងការសម្លឹងឃើញនូវបញ្ហាទាំងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់អង្គវេទិកាយកទៅពិភាក្សាផងដែរ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចពីនយោបាយឈ្នះ-ឈ្នះ ដើម្បីផ្ដល់ជាប្រទីបបំភ្លឺដល់អង្គវេទិកា ក្នុងការពិភាក្សារកដំណោះស្រាយទៀតផង។
បញ្ហាប្រឈម និងអនុសាសន៍សំខាន់ទាំង៥ចំណុចធំៗ ដែលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំ APPF នោះរួមមាន៖
*ទី១៖ ត្រូវរួមគ្នាចិត្តទុកដាក់លើតួនាទីអង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេសគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។
*ទី២៖ ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក។
*ទី៣៖ ត្រូវរួមគ្នាដោះស្រាយជម្លោះដែលកើតឡើង តាមរយៈការចរចាដោយសន្តិវិធី ឬដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យភាគីជម្លោះទាំងសងខាងឈ្នះ-ឈ្នះ ឬអាចទទួលយកបានទាំងអស់គ្នាដោយសុខសន្តិភាព។
*ទី៤៖ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ជួញដូរវត្ថុបុរាណ បទល្មើសបច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ និងការជួញដូរស្រ្តី បទពិសោធន៍រវាងប្រទេសក្នុងតំបន់ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបញ្ហាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងកុមារ។
*៥៖ ត្រូវរួមគ្នាលើកតម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរ ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទាំងនៅក្នុងតំបន់ និងពិភពលោក ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-27) ដែលត្រូវធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី១៣-១៨ ខែមករាឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប៕