(សៀមរាប)៖ ក្នុងនាមប្រធានលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ APPF បាននាំមកនូវសមិទ្ធផលជាច្រើន ដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPF ទាំងអស់ ហើយសមិទ្ធផលទំាងនោះ បានបង្ហាញឲ្យឃើញនូវសុខដុមនីយកម្ម នៃប្រជាជាតិនៅអាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែបង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងរង្វង់គ្រួសារ APPF ប៉ុណ្ណោះទេ តែជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ។
សម្តេចពញាចក្រី ហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានលើកឡើងបែបនេះ នៅក្នុងឱកាសសម្តេចទទួលបានអនុញ្ញាតឲ្យ ប្រធានគណៈប្រតិភូ ប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ប្រទេសសង្កេតការណ៍ និងអង្គការដៃគូ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំប្រចំាឆ្នាំAPPF ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា និងសាលសន្និសីទ នាខេត្តសៀមរាប។
វេទិកាសភា អាស៊ីប៉ា-ស៊ីហ្វិក បានបង្កើតនៅឆ្នាំ១៩៩៣ ក្នុងប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះ មានសមាជិកចំនួន២៧ប្រទេស។ សភាកម្ពុជា ដែលជាសមាជិកមួយរបស់ APPF បានកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភានេះ នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
ក្នុងនាមសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សមាជិក APPF ដែលបានអញ្ជើញមកដល់កម្ពុជានាពេលនេះ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់គ្រួសារ APPF នៅលើទឹកដីអង្គរនាឱកាសនេះ បានផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំពេលនេះ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងការរួមវិភាគទាន ដ៏មានតម្លៃក្នុងការពង្រឹងប្រសិទ្ធភាព នៃការពិភាក្សាស្វែងរកដំណោះស្រាយរួមរបស់តំបន់ ជាពិសេសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់គ្រួសារ APPF៕