(ភ្នំពេញ)៖ លោក Lawrence Kook អភិបាល នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធី Keller Williams Cambodia (KW-កម្ពុជា)។ លោកលើកឡើងថា «ជាកិត្តិយសណាស់សម្រាប់ខ្ញុំ ក្នុងការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ ណែនាំឧបករណ៍និស្សន្ទជា អត្ថប្រយោជន៍បន្ថែម ដល់អាជីវកម្មអចលនទ្រព្យ និងបង្ហាញពីជំនាញទំនាក់ទំនង ជាមួយអតិថិជននៅកម្ពុជា»។
ការលើកឡើងបែបនេះរបស់លោក Lawrence Kook ធ្វើឡើងក្នុងពេលដែលោកថ្លែងសុន្ទរកថា ក្នុងកម្មវិធីដែលក្រុមហ៊ុនសិក្ខាសាលារបស់ Keller Williams Cambodia ដែលរៀចំនៅក្នុងមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ។
ក្រុមហ៊ុន KW-កម្ពុជា ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រតិបត្តិការ (Franchise) ពី Keller Williams Worldwide ដែលជាស្ថាប័នដែលមានភ្នាក់ងារអចលនទ្រព្យច្រើនបំផុត ជាមួយនឹងវត្តមាននៅលើទីផ្សារចំនួន១៧០ទូទាំងសាកលលោក។
សិក្ខាសាលានេះផ្តោតសំខាន់លើ វិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ ហើយជាព្រឹត្តិការណ៍សំខាន់ដំបូងគេបង្អស់ នៅក្នុងត្រីមាសទី១ឆ្នាំ២០១៩ របស់ KW-កម្ពុជា។
ការចូលរួមរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក្នុងសិក្ខាសាលានេះ បានឆ្លុះបញ្ចាំងពីភាពស្វិតស្វាញ ក្នុងការផ្តល់ការអប់រំដ៏ទូលំទូលាយទាក់ទងនឹងការវិនិយោគ ដល់សាធារណៈជនព្រមទាំង បានរៀបចំព្រឹត្តិការណ៍ទាក់ទង នឹងចំណេះដឹងជាច្រើន និងបានសហការរៀបចំសិក្ខាសាលា និងវេទិកាផ្សេងៗ ដើម្បីជំរុញសមត្ថភាពលើការវិនិយោគ។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានឧបត្ថម្ភពិធីសម្ពោធ និងការបោះពុម្ពសទ្ទានុក្រមទំនើបកាលពីឆ្នាំមុន ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួន លើការបង្កើនគុណភាពនៃការអប់រំ ការផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំ និងការផ្តល់នូវធនធានអប់រំដ៏ល្អបំផុត។
លោក Lawrence ឲ្យដឹងថា «មិនថាយើងត្រូវខិតខំប្រឹងប្រែង និងចំណាយធនធានប៉ុណ្ណានោះទេ យើងតែងតែជឿជាក់ថា ការអប់រំជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ផ្តល់ការអប់រំមិនត្រឹមតែសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុគ្គលិកសម្រាប់បុគ្គលិកទាំងមូលផងដែរ ដើម្បីឱ្យពួកគេរក្សាបាននូវស្តង់ដារខ្ពស់មួយ»។
លោកបន្ដថា «មិនថាវិនិយោគិនធ្វើការវិនិយោគ លើវិស័យអចលនទ្រព្យឧបករណ៍និស្សន្ទ ឬទម្រង់ផ្សេងណាមួយនៃការវិនិយោគនោះទេ វិនិយោគិនត្រូវការការអប់រំព្រោះ តាមរយៈការអប់រំពួកគេពិតជាអាច តាមដានស្ថានភាពទីផ្សារ កំណត់បាននូវឱកាសវិនិយោគល្អៗ បង្កើនជំនាញនិងយុទ្ធសាស្ត្រវិនិយោគល្អបំផុត និងអាចកាត់បន្ថយហានិភ័យថែមទៀត»។
លោកបញ្ជាក់ថា «នៅទីនេះខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាថា ការធ្វើពិពិធកម្មលើសំនុំនៃការវិនិយោគ អាចជួយឱ្យវិនិយោគិនគ្រប់គ្រងហានិភ័យ និងបង្កើតផលត្រលប់ពីការវិនិយោគបន្ថែមទៀត ជាជាងពឹងផ្អែកលើការទាញយកប្រាក់ចំណូលពីប្រភពតែមួយ»។
សូមជម្រាបថា ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក៏បានផ្សព្វផ្សាយពីប្រទេសកម្ពុជា និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសមួយនេះ នៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្ដែងនៅចុងខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុននឹងចូលរួមពិព័រណ៍ iFX Expo Asia ឆ្នាំ២០១៩ នៅទីក្រុងហុងកុង ដើម្បីបន្តបង្ហាញប្រទេសកម្ពុជាទាំងមូល ដល់បណ្ដាប្រទេសនានានៅទូទាំងពិភពលោក និងដើម្បីលើកកម្ពស់ការយល់ដឹងអំពី សក្តានុពលនៃការវិនិយោគនៅកម្ពុជាផងដែរ៕