(ភ្នំពេញ)៖ សាលាអន្តរជាតិអាស៊ាន ដែលទទួលបានការជឿជាក់ ពីសំណាក់មាតាបីតាជាច្រើនពាន់នាក់ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស បានរៀបចំកម្មវិធីប្រគល់បណ្ណសរសើរ ជូនដល់បុគ្គលិក-ថ្នាក់ដឹកនាំឆ្នើម និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា បណ្ណសរសើរ និងអាហាររូបករណ៍ ជូនដល់សិស្សពូកែប្រចាំឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅសាលាតិចណូ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
ពិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តដល់បុគ្គលិក និងថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០១៨ សរុប១៣០នាក់ ព្រមទាំងលើកទឹកចិត្ត សិស្សានុសិស្ស ១,០០៨នាក់ ដែលបានបញ្ចប់ការសិក្សា គ្រប់កម្រិត ពីសាលាអន្តរជាតិអាស៊ាន និងមានការផ្តល់អាហារូបករណ៍សិក្សា សម្រាប់ឆ្នាំ២០១៩ ២៤នាក់ សរុបជាទឹកប្រាក់ចំនួន ៦,៤២៦ដុល្លារ។
លោក ហុង លឹម អគ្គនាយកសាលាអន្តរជាតិអាស៊ាន បានលើកឡើងថា វត្តមានរបស់អាណាព្យាបាល និងសិស្សានុសិស្ស ជាងបួនពាន់នាក់ នាឱកាសនេះ បានឆ្លុះបញ្ជាំង និងជាភស្តុតាង បញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់ លើការអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីអោយក្លាយជាទំពាំងស្នងឬស្សី ដ៏ល្អផូផង រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ ពីសាលាអន្តរជាតិអាស៊ាន។
លោកបានបន្ដទៀតថា ដើម្បីទទួលបានការអប់រំមួយដ៏ល្អ ឲ្យមានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ត្រូវផ្អែកលើកត្តាជាច្រើន ដូចជា៖ កត្ដាបុគ្គលិក កត្តាគ្រួសារ កត្តាសាលារៀន ការចូលរួមរបស់សិស្ស ភាពអំណត់ព្យាយាម និងកត្តាពេលវេលាជាដើម។
លោក ហុង លឹម បានជឿជាក់ថា សាលាអន្តរជាតិអាស៊ាន ពិតជាអាចដឹកដៃ និងនាំសិស្សានុសិស្ស ដែលសិក្សានៅទីនេះ ឆ្ពោះទៅកាន់ អនាគតរុងរឿង នាពេលអនាគត ដែលឈរលើគោលការណ៍ គុណភាព និងក្រមវិជ្ជាជីវៈជាធំ។
ជាមួយគ្នានោះ អគ្គនាយកសាលាអន្តរជាតិអាស៊ាន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ សាលាអន្តរជាតិអាស៊ាន និងដាក់បញ្ចូលកម្មវិធីសិក្សាថ្មី មួយមកពីសហរដ្ឋអាមេរិក ដែលកម្មវិធីនេះ មានសាលាជាង ៤,០០០ នៅលើពិភពលោក កំពុងដាក់ឲ្យសិស្សានុសិស្សសិក្សា។
លោកថា កម្មវិធីនេះ មានឈ្មោះថាកម្មវិធី ទម្លាប់ល្អទាំង៧ របស់បុគ្គលិកឆ្នើម ដែលនឹងបង្រៀនឲ្យសិស្សានុសិស្ស យល់ដឹងពីភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន ការរៀបចំផែនការសិក្សា និងផែនការជីវិតប្រចាំថ្ងៃ និងសម្រាប់ថ្ងៃអនាគត ភាពម្ចាស់ការលើជីវិតរស់នៅរបស់ខ្លួន ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងជំនាញទំនាក់ទំនង ដែលទាំងសុទ្ធតែជាជំនាញដ៏សំខាន់ៗ និងចាំបាច់ក្នុងសទវត្សទី២១៕