(សៀមរាប)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ការមិនប្រើឥទ្ធិពលកៀបសង្កត់ផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ការមិនរត់ប្រណាំងសព្វាវុធ និងការមិនប្រើប្រាស់កម្លាំងយោធា សុទ្ធតែជាកត្តាអនុគ្រោះដ៏គាប់ប្រសើរសម្រាប់តំបន់ និងពិភពលោកទាំងមូល។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ការមិនរើសអើងប្រទេសធំនិងតូច ការរាប់រកគ្នាដោយមេត្រីភាព និងសហប្រតិបត្តិការស្មើភាព ការមិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងផងគ្នា និងការមិនប្រើឥទ្ធិពលកៀបសង្កត់ផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ការមិនរត់ប្រណាំងសព្វាវុធ និងការមិនប្រើប្រាស់កម្លាំងយោធា សុទ្ធតែជាកត្តាអនុគ្រោះ ដ៏គាប់ប្រសើរសម្រាប់តំបន់ និងពិភពលោកទាំងមូល»។
សម្តេចបានបន្តថា ភាពជាដៃគូតាមរយៈការបង្កើនយន្តការសន្ទនាឲ្យបានច្រើន តាមរូបភាពទ្វេភាគី និងពហុភាគី ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន ផ្លាស់ប្តូរទស្សនៈនយបោបាយ លើបញ្ហាប្រឈមទាំងឡាយក្នុងកម្រិតតំបន់ និងសកល ហើយពាំនាំកង្វល់ទាំងនេះ មកធ្វើការពិគ្រោះយោបល់ជាមួយ ផ្នែកនីតិប្រតិបត្តិ ឬធ្វើសេចក្តីស្នើច្បាប់នានា ដែលចាំបាច់ដែលបម្រើឲ្យផលប្រយោជន៍សង្គម និងផលប្រយោជន៍របស់ប្រជាជន នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ ការអភិវឌ្ឍរួមក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកទាំងមូលផងដែរ។
ក្នុងន័យនេះ សភាកម្ពុជាសូមលើកទឹកចិត្ត ឲ្យបង្កើនការសន្ទនា ដោយស្មារតីសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងតួអង្គពាក់ព័ន្ធនានា លើបញ្ហាសន្តិសុខ អន្តោប្រវេសន៍ បញ្ហជម្លោះពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត លើមូលដ្ឋាននៃច្បាប់អន្តរជាតិ តាមរយៈយន្តការដែលមានស្រាប់។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងទៀតថា សភានៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ត្រូវជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីផ្លាស់ប្តូរទស្សនៈផ្នែកច្បាប់ គោលនយោបាយជាតិ និងផ្លាស់ប្តូរទស្សនៈអំពីការវិវត្តស្ថានការណ៍តំបន់ និងអន្តរជាតិ និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ វប្បធ៌ និងការផ្លាស់ប្តូរមនុស្សគ្នាទៅវិញទៅមក ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីពង្រឹងពង្រីក ដំណើរការសុខដុមនីយកម្ម និងប្រក្រតីនៃទំនាក់ទំនងគ្នាទៅវិញទៅមក លើគ្រប់វិស័យនិងគ្រប់កម្រិតផងដែរ។
សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។
វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស៕