(ភ្នំពេញ)៖ កម្មករ-កម្មការិនីជាង១០០នាក់ ក្នុងចំណោម៤២០នាក់ ដែលកំពុងធ្វើការក្នុងរោងចក្រ «ឡុង វីចថូរី អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីត» ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានផ្ទុះកូដកម្មមិនព្រមចូលធ្វើការជាថ្មីម្តងទៀតហើយ បន្ទាប់ពីថៅកែ និងរដ្ឋបាលរោងចក្រ ព្យាយាមបញ្ឈប់ការងារ និងដឹកជញ្ជូនសម្ភារចេញពីរោងចក្រ។
តាមការបញ្ជាក់របស់កម្មករ-កម្មការិនី ការផ្ទុះកូដកម្មនេះ បានធ្វើឡើង៣ លើកមកហើយ ដោយសារតែថៅកែ និងរដ្ឋបាលរោងចក្រ ជាស្រីម្នាក់ កំពុងហាមដាច់ខាតមិនមិនអនុញ្ញាតឲ្យអ្នកកាសែត ចូលទៅខាងក្នុង ដើម្បីថតផ្ដិតយករូបភាពឡើយ ខណៈខាងរោងចក្រកំពុងយករថយន្ដមកដឹកសម្ភារ និងម៉ាស៊ីនចេញពីរោងចក្រជាបន្តបន្ទាប់ ក្នុងបំណងបញ្ឈប់ការងារពួកគាត់ ហើយគេចវេសមិនបើកប្រាក់អតីតភាពការងារផ្សេងៗ មុនអណត្តិរយៈពេល៦ខែម្ដង ដែលភាគីរោងចក្របានសន្យានាពេលកន្លងមក។
កម្មករ-កម្មការិនីរោងចក្រ បានឲ្យដឹងថា កាលពីព្រឹកម្សិលមិញថ្ងៃទី១៤ និងកាលពីថ្ងៃទី១២ ខែមករា ពួកគាត់ជាង៤២០នាក់ ក្នុងចំណោមកម្មករ១៤០០នាក់ ក្នុងរោងចក្រ «ឡុង វីចថូរី អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីត» ដែលត្រូវបានបញ្ឈប់ការងារខ្លះទៅហើយនោះ បាននាំគ្នាផ្ទុះការតវ៉ា២ដងរួចមកហើយ ដើម្បីទាមទារឲ្យខាងរោងចក្របើកប្រាក់អតីតភាពផ្សេងៗ ហើយកុំបញ្ឈប់ការងារពួកគាត់មុនអណត្តិ ក្នុងរយៈពេល៦ខែម្ដង ដោយគ្មានកំហុស និងស្នើឲ្យខាងរោងចក្រដាច់ខាតត្រូវតែបិទទ្វារ ដើម្បីកុំឲ្យមានការដឹកជញ្ជូនឥវ៉ាន់ សម្ភារផ្សេងៗ និងម៉ាស៉ីនចេញពីរោងចក្រ។
កម្មករ-កម្មការិនី បានឲ្យដឹងទៀតថា ក្រោយពីពួកគាត់ផ្ទុះកូដកម្មតវ៉ា ឃើញថា ខាងរោងចក្រ បានមកធ្វើការសម្របសម្រួល តាមការស្នើសុំរបស់កម្មករ-កម្មការិនីពិតមែន ប៉ុន្តែក្រោយពេលពួកគាត់ កំពុងតែធ្វើការជាធម្មតាវិញ បែរជាមិនបានបិទទ្វាររោងចក្រ ហើយយករថយន្ដទៅដឹកឥវ៉ាន់ និងសម្ភារ មានទាំងម៉ាស៉ីន ចេញពីរោងចក្រ ជាបន្តបន្ទាប់ ដោយមិនអនុវត្តតាមការជជែកសន្យាគ្នាឡើយ។
ទាក់ទងបញ្ហាកម្មករ-កម្មការិនី ផ្ទុះកូដកម្ម ចោទប្រកាន់ទៅខាងថៅកែរោងចក្រ ខាងលើនេះ ភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់បំភ្លឺពីខាងរោងចក្រ «ឡុង វីចថូរី អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីត» បាននៅឡើយទេ ដោយសារស្រីជាប្រធានរដ្ឋបាលរោងចក្របានដេញអ្នកកាសែតចេញ ពេលចុះទៅយកព័ត៌មាននោះ៕