(ភ្នំពេញ)៖ លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ បានប្រើវិធានការក្ដៅ​ក្នុងការចុះ​ឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀនចំនួនមួយសំបុក១៧នាក់ (ស្រី៤នាក់) ដកហូតថ្នាំញៀន១៧កញ្ចប់ កាំភ្លើងប្រើហ្គ្រាស១ដើម ទូរហ្គេម២គ្រឿង និងម៉ូតូ៤គ្រឿង។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅព្រលឹម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុម១ ភូមិបាក់ទូក ស្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក គល់ យី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះបានធ្វើឡើងដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងចង្អុលបង្ហាញពី​លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដែលមានសម្របសម្រួលពីលោក សុង ឆវ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេតភ្លាមៗ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ សហការជាមួយអាជ្ញាធរភូមិ សង្កាត់ បានបើកការពួនស្ទាក់ឡោមព័ទ្ធ បង្ក្រាបតែម្ដង​ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀនចំនួនមួយសំបុក៧នាក់ (ស្រី៤នាក់) ដកហូតថ្នាំញៀន១៧កញ្ចប់ ទាំងកញ្ចប់ថង់ធំល្មម និងថង់តូច កាំភ្លើងប្រើហ្គ្រាស១ដើម ទូរហ្គេម២គ្រឿង ​និងម៉ូតូ៤គ្រឿង។

លោក គល់ យី បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបានបញ្ជូនទៅបន្តសាកសួរនៅអធិការដ្ឋានខណ្ឌ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕